(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រទស្សនាបាល់ទាត់ផ្នែកបុរស សរុបចំនួន ១៤,៣០០សន្លឹក ត្រូវបានចែកជូនអ្នកគាំទ្រ ត្រឹមថ្ងៃទី១ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយឥតគិតថ្លៃ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

តាមរយៈការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា សំបុត្រទស្សនការប្រកួតកីឡាស៊ីហ្គេម នៅថ្ងៃទី២៩ ខែមេសា ដែលសហព័ន្ធទទួលពីគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម សហព័ន្ធបានចែកជូនអ្នកគាំទ្រអស់ហើយ ហើយនឹងធ្វើការផ្ដល់ព័ត៌មានជូនដល់បងប្អូននៅថ្ងៃស្អែក ប្រសិនបើសហព័ន្ធទទួលបានសំបុត្របន្ថែមពីគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម។

ជាមួយការប្រកាសផ្តល់សំបុត្រទស្សនា ការប្រកួតបាល់ទាត់បុរស ថ្ងៃបើកឆាក នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៩ ខែមេសា ខាងមុខនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ ដែលបានដឹកដំណឹងនេះ នាំគ្នាទៅទទួលយកសំបុត្រនេះ យ៉ាងច្រើនកុះករ ហើយអ្នកខ្លះទៀត ក៏មិនទាន់បានដឹងពីព័ត៌មានជាក់លាក់នៃការចែកសំបុត្រនេះនៅឡើយទេ។

អគ្គលេខាធិការសហព័ន្ធខាងលើ បានពន្យល់បន្ថែមថា «សំបុត្រ ដែលយើងចែកហ្នឹង មានកំណត់ គឺសំបុត្រ ដែលយើងចែកថ្ងៃទី១នេះ យើងមានក្នុងដៃតែ ១៣០០០សន្លឹក សម្រាប់តំបន់សាធារណៈ ឬ Zone B និងនៅខាងមុខវេទិកាកិត្តិយស (Zone A) មានចំនួន១៣០០សន្លឹក អ៊ីចឹងដោយសារតែចំនួន សំបុត្រមានកំណត់ ទើបបងប្អូនយើងគាត់សម្រុកមកយកច្រើន»។

ដោយសហព័ន្ធបានបើកឱ្យអ្នកគាំទ្រចូលយក នៅម៉ោង១២ ថ្ងៃត្រង់ ហើយត្រឹមជាង១ម៉ោងប៉ុណ្ណោះ សំបុត្រសរុបចំនួន ១៤,៣០០សន្លឹក ក៏ត្រូវបានចែកអស់បាត់ទៅហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើនរយនាក់ទៀត ដែលកំពុងឈរចាំ មិនទទួលបានសំបុត្រនេះទេ។ យ៉ាងណាមិញសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ចំពោះរឿងសំបុត្រនេះថា មានស្ថាប័នផ្សេងៗ ទៀតទទួលបានសំបុត្រ ដើម្បីចែកផងដែរ ។ លោក កែវ សារ៉េត បន្ថែម ។