(ភ្នំពេញ)៖ បន្ទាប់ពីបានដង្ហែទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់​អាស៊ី-អាគ្នេយ៍​រួចហើយនោះ ព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ប្រទេសកម្ពុជាវិញហើយនៅ​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ព្រះអគ្គិជ័យកីឡា នឹងដង្ហែចេញពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា តាមច្រក​ព្រំ​ដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកឃៀន ក្នុងខេត្តស្ទឹងត្រែង។ ពិធីប្រគល់ និងទទួល​ព្រះអគ្គិជ័យកីឡានឹងធ្វើឡើងនៅច្រកព្រំដែន បន្ទាប់មកហែចូលទៅកាន់ទីរួមខេត្ត ហើយបន្តដង្ហែទៅកាន់ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល។

ថ្ងៃទី២៩ ខែមេសា ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេ​សាប ដោយផ្ទឹមពីខេត្តកំពង់ឆ្នាំង ហើយឆ្ពោះទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ ថ្ងៃទី០៥ ខែឧសភា ព្រះអគ្គិជ័យកីឡា ដង្ហែចេញពីខេត្តកំពង់ធំ ឆ្ពោះមករាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡដ្ឋានមរតកតេជោនៅវេលាម៉ោង៨យប់។

សូមបញ្ជាក់ថា ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែចេញពីខេត្តសៀមរាប កាលពីរ​សៀល​​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយដង្ហែឆ្ពោះទៅកាន់ប្រទេសវៀត​ណាម​។ បន្ទាប់ពីប្រទេសវៀតណាម ព្រះអគ្គិជ័យក៏បានដង្ហែទៅកាន់ប្រទេសដទៃទៀត​ជា​បន្តបន្ទាប់៕