(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី២៥ ខែមេសាស្អែកនេះ ខណៈឡាវ គឺជាប្រទេសក្នុងតំបន់ក្រោយគេ ដែលកម្ពុជាត្រូវរៀបចំពិធីដង្ហែជាប្រវត្តិសាស្ដ្រនេះ មុនដង្ហែត្រឡប់ចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខនេះ។

មុនពិធីដង្ហែខាងលើ នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ប្រតិភូពិសេសកម្ពុជា ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC បានជួបពិភាក្សាការងារលម្អិតជាមួយលោក Somphou phongsa អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកឡាវ ដើម្បីត្រៀមរៀបចំពិធីដង្ហែនាព្រឹកស្អែក។ បន្ទាប់មកក៏មានការចុះពិនិត្យទីតាំងរៀបចំពិធី ដោយមានការចូលរួមពីលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវផងដែរ។

លោក ហោ សារុន បានបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស្អែកនេះ នឹងចេញដំណើរពីស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ហើយបញ្ចប់នៅក្នុងបរិវេណចេតិយវត្តប្រាថាតហ្លួង(Pra That Laung) ដែលមានចម្ងាយជិត ៦គីឡូម៉ែត្រ ។ សម្រាប់អ្នកចូលរួម ក្រៅពីប្រតិភូពិសេសកម្ពុជា គឺមានមន្ដ្រីជាន់ខ្ពស់ឡាវ ឯកអគ្គរាជទូត និងលេខាទី១ នៃស្ថានទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំប្រទេសឡាវ កីឡាករ-កីឡាការិនី ប្រជាពលរដ្ឋ និងសិស្សានុសិស្សឡាវចូលរួមរត់ដង្ហែ និងឈរអបអរសាទរតាមដងផ្លូវប្រមាណ ១,៥០០នាក់។

គួរដឹងថា ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជោគជ័យ និងទទួលបានការគាំទ្រយ៉ាងផុសផុលជាបន្ដបន្ទាប់ នៅប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា មុនបន្ដរៀបចំពិធីដង្ហែនៅប្រទេសឡាវស្អែកនេះ។

តាមការគ្រោងទុកក្រោយពិធីដង្ហែនៅឡាវ ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្ដដំណើរពីទីក្រុងវៀងច័ន្ទន៍ ទៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នាថ្ងៃទី២៦-មេសា មុនពិធីដង្ហែត្រឡប់ចូលកម្ពុជាវិញ នាថ្ងៃទី២៧-មេសា តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង ដោយនឹងមានមន្ដ្រីជាន់ខ្ពស់កម្ពុជា មានទទួលស្វាគមន៍នៅព្រំដែនអន្ដរជាតិខាងលើ ជាមួយការចូលរួមដង្ហែ និងអបអរសាទរពីមន្ដ្រី ព្រមទាំងកីឡាករ-កីឡាការិនីឡាវ ពីទីក្រុងប៉ាក់សេផងដែរ។

បន្ទាប់ពីធ្វើដំណើរដល់ខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែទៅតម្កល់ទុកនៅវត្ដស្រះកែវមុន្នីវណ្ណ(វត្តលើ) ១យប់ មុនបន្ដដង្ហែទៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា។ លុះដល់ថ្ងៃទី២៩ ខែមេសា ពិធីដង្ហែនឹងត្រូវចេញដំណើរគោលចរជុំវិញបឹងទន្លេសាប ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមាន័យ សៀមរាប កំពង់ធំ កំពង់ចាម ហើយបន្ដដង្ហែតាមផ្លូវជាតិលេខ៦ រហូតដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង ៨៖៣០នាទីយប់ ត្រូវនឹងពេលវេលាពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង។

ពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យខាងលើ ត្រូវបានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ថា មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព។ លើសពីនេះ ព្រះអគ្គីជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ»