(ភ្នំពេញ)៖ អិលអូអិលស៉ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានទទួលលិខិតសរសើររបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាសក្នុងឆ្នាំ២០២២។

ក្នុងលិខិតសរសើរដែលមានប្រថាប់ត្រា និងហត្ថលេខារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះលោក-លោកស្រីនាយកគ្រឹះស្ថាន ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធ ប្រភេទមាស ក្នុងឆ្នាំ២០២២។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិនិងសង្គមជាតិកម្ពុជា»

អិលអូអិលស៉ី សូមសម្តែងនូវសេចក្តីរីករាយសម្រាប់សមិទ្ធផលដ៏ថ្លៃថ្លានេះ ដែលជាសក្ខីភាពមួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ អិលអូអិលស៉ី ក្នុងការរួមចំណែកយ៉ាងប្រត្យក្សដើម្បីវឌ្ឍនភាពនៃកម្ពុជា បន្ថែមពីលើការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបទៅកាន់អតិថិជនគ្រប់លំដាប់ថ្នាក់ និងគ្រប់ទិសទីទូទាំងប្រទេស ប្រកបដោយទំនុកចិត្តខ្ពស់បំផុត បន្តបង្កើតនូវគុណតម្លៃសម្រាប់អតិថិជន និងគ្រប់ភាគីក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា៕