(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester United បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ FA Cup ទល់នឹង Manchester City នាដើមខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ជំនួបរវាងក្រុមស្ថិតក្នុងទីក្រុង Manchester តែមួយខាងលើនេះ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនាក្នុងកីឡដ្ឋាន Wembley នៃការប្រជែងយកពានលំដាប់ទី២ អង់គ្លេស FA Cup ២០២២-២០២៣។

បិសាចក្រហមដែលដឹកនាំដោយលោក Erik ten Hag បានទម្លាក់គូប្រជែង Brighton & Hove Albion នៅរាត្រីថ្ងៃអាទិត្យពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៧-៦ នៅពេលប្រកួត ១២០នាទីនៅ Wembley បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ក្នុងការឈានមកដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ នារដូវកាលនេះផងដែរ ដ្បិតទើបលើកពាន Carabao Cup កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីនោះដែរ ខ្សែបម្រើ Solly March បានទាត់អត់ចូលសម្រាប់គ្រាប់ទី១៣ នៅមុនពេលខ្សែការពារ Victor Lindelof ធ្វើបានសម្រេចបញ្ជូន Man Utd ទៅកាន់កីឡដ្ឋានជាតិអង់គ្លេសជាថ្មីទៀត ដែលត្រូវប៉ះគូប្រជែងធំ មេឃខៀវ Manchester City។ កន្លងមក Man Utd ធ្លាប់ឈ្នះពាន FA Cup បាន ១២លើក តាមពីក្រោយ Arsenal ធ្លាប់លើកបាន ១៤ដងច្រើនជាងគេ គ្រាដែលគូប្រជែង Man City ធ្លាប់ឈ្នះបាន ៦លើក។

ចំណែកឯ Brighton វិញបានខកខានឱកាសឡើងទៅ Final នៃពាន FA Cup ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីបានចាញ់ Man Utd ក្នុងឆ្នាំ១៩៨៣ នៅពេលកីឡាករចាំទី David de Gea ជួយសង្រ្គោះបាល់យ៉ាងល្អដែលស៊ុតចេញពីជើង Alexis Mac Allister, Julio Enciso និង Danny Welbeck ជាដើម៕