(បរទេស)៖ តារាចម្រៀងរ៉េបជនជាតិហ្គាណា ដែលមានឈ្មោះក្រៅថា Obrafour បានដាក់ពាក្យប្តឹង តារារ៉េបល្បីឈ្មោះកាណាដា Drake ពាក់ព័ន្ធនឹងកម្មសិទ្ធបញ្ញាបទចម្រៀង ខណៈការប្តឹងផ្តល់នេះ មានតម្លៃជាទឹកប្រាក់រហូតដល់១០លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

តារាចម្រៀងរ៉េប Obrafour បានអះអាងថា បទចម្រៀង «Calling My Name» របស់ Drake មានឈុតខ្លីៗនៃឃ្លា «Killer cut, blood, killer cut» ដោយអះអាងថា ឃ្លារនេះយកចេញពីបទចម្រៀងរបស់លោក ដែលមានចំណងជើងថា «Oye Ohene»។ នៅក្នុងពាក្យបណ្តឹង Obrafour អះអាងថា មានអ៊ីមែលពីមនុស្សម្នាក់នៅ «Republic Records» ដែលកំពុងស្វែងរកការត្រួតពិនិត្យអំពីគំរូចម្រៀង ធ្វើដូច្នេះគឺដើម្បីឲ្យ Drake អាចបញ្ចេញបទដែលបានរៀបចំរួចរាល់។

៩ថ្ងៃបន្ទាប់ពីអ៊ីម៉ែលនោះ Drake បានចេញផ្សាយអាល់ប៊ុមនិងបទចម្រៀង ដែលមានជាប់ Licens។ នេះបើតាមការអះអាងរបស់ Obrafour។ Obrafour បានដាក់ពាក្យបណ្តឹង ដោយទាមទារសំណងខ្ទង់១០លានដុល្លារ។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ អ្នកតំណាងរបស់ Drake មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយទេ៕