(ម៉ាទ្រីដ)៖ កីឡាករតេន្នីស Novak Djokovic បានដកខ្លួនចេញពីការប្រកួត ក្នុងព្រឹត្តិការណ៍ Madrid Open ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ នេះបើតាមសម្តីអ្នករៀបចំកម្មវិធីបានឲ្យដឹង ខណៈកីឡាករលំដាប់ទី១ ពិភពលោកនេះ បានចូលរួមជាមួយកីឡាករ Rafa Nadal ក្នុងការខកខានពីការប្រកួត។ នេះបើយោងតាមសារព័ត៌មាន CNA ចេចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

"ខ្ញុំមិនមានអារម្មណ៍ល្អនោះទេនៅលើទីលាន។ ជើងរបស់ខ្ញុំយឺត ហើយការដើររបស់ខ្ញុំមិនសូវស្វិតស្វាញ, វាយខុសទិសដៅច្រើន ជារួមគឺវាយគ្មានទិសដៅ"។ នេះបើតាមសម្តីកីឡាករវ័យ ៣៥ឆ្នាំ សញ្ជាតិស៊ែប៊ី បានលើកឡើងបន្ទាប់ពីបរាជ័យក្នុងវគ្គ ១/៤ចុងក្រោយ ក្រោមថ្វីដៃកីឡាករ Dusan Lajovic នៅព្រឹត្តិការណ៍ Banja Luka។

យ៉ាងណាក្តី Djokovic រំពឹងយ៉ាងមុតមាំថា លោកនឹងអាចរកឃើញចំណុចល្អរបស់លោក នៅលើទីលានដីឥដ្ឋ មុនពេលព្រឹត្តិការណ៍ French Open ដែលនឹងមកដល់នៅខែក្រោយ។

​គួររំលឹកថា Nadal បានប្រកាសកាលពីដើមសប្តាហ៍នេះថា លោកនឹងខកខានព្រឹត្តិការណ៍ Madrid ផងដែរ បន្ទាប់ពីលោកមិនទាន់ជាសះស្បើយពីបញ្ហារបួសត្រគាក ដែលបានរងរបួសនៅព្រឹត្តិការណ៍ Australian Open កាលពីខែមករា។

ទាំង Djokovic និង Nadal សុទ្ធតែបង្កើតកំណត់ត្រា ដណ្តើមបានពានរង្វាន់ក្នុងកម្រិត Grand Slam ច្រើនជាងគេបំផុត ដោយរកបាន ២២ពានរង្វាន់ក្នុងម្នាក់។

សូមជម្រាបថា ព្រឹត្តិការណ៍ French Open កម្រិត Grand Slam លើកទី២ ក្នុងរដូវកាលនេះនោះ នឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែឧសភាខាងមុខ៕