(ភ្នំពេញ)៖ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) ដែលបានបង្កើតដោយកូនខ្មែរសុទ្ធសាធ ចំណាយទុនវិនិយោគប្រមាណ៦០លានដុល្លារ ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់កម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ពិធីសម្ពោធបើកដំណើរការជាផ្លូវការសណ្ឋាគារលំដាប់ផ្កាយ៥មួយនេះ ក៏មានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូត និងលោកជំទាវ ឯកឧត្តម លោកជំទាវ តំណាងស្ថានទូតប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាន់ & មូន គ្រុប បានគូសបញ្ជាក់ឱ្យដឹងថា «សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» ដែលត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធិផលដែលកើតចេញពីការវិនិយោគក្នុងស្រុកដោយផ្ទាល់ និងជាចំណែកមួយដែលជាសមិទ្ធិផលពិតៗរបស់ក្មេង ៧មករា ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានរំដោះកាលពីជាង ៤៤ឆ្នាំមុន។ ដូច្នេះហើយ ដើម្បីជាការតបស្នងសងគុណក្នុងការរំដោះឲ្យរួចផុតជីវិត ខ្ញុំបាទក្នុងនាមក្រុមហ៊ុន គណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងក្រុមគ្រួសារ សូមគោរពដឹងគុណ និងគាំទ្រសម្តេចជានិច្ចនិរន្តរ៍»។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងថា ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសក្តានុពលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ក្នុងគោលបំណងដើម្បីឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលក្នុងតំបន់ ក៏ដូចជាពិភពលោក ក្រុមហ៊ុន សាន់ & មូន គ្រុប បានសម្រេចចិត្តបោះទុនវិនិយោគលើវិស័យនេះ កាលពីឆ្នាំ២០១៣ ហើយបានដាក់ឲ្យដំណើរការ សណ្ឋាគារ SUN & MOON, Urban Hotel ដែលជាសណ្ឋាគារលំដាប់ផ្កាយបួន ដោយបានបោះទុនវិនិយោគប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក និងបានផ្តល់ឱកាសការងារទាំងខ្មែរ និងបរទេស សរុបចំនួន ១៥៦នាក់ រហូតមកដល់បច្ចុប្បន្ននេះ។

ដោយឡែកសណ្ឋាគារ សាន់ & មូន រីវើសាយ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ បើទោះបីចំពេលដែលកម្ពុជាកំពុងប្រឈមនឹងការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តដំណើរការសាងសង់ដដែល ដោយសារតែក្រុមហ៊ុនមានជំនឿជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែជាអកុសល ក្រុមហ៊ុន ក៏ដូចជាវិស័យទេសចរណ៍ទាំងមូល ទាំងជាតិ និងអន្តរជាតិ បានជួបប្រទះនឹងវិបត្តិកូវីដ-១៩ ដែលជាជំងឺរាតត្បាតជាសាកល។

ជំងឺរាតត្បាតនេះបានជះឥទ្ធិពលទូទាំងសកលលោក ដែលនាំឲ្យមានការខ័ណ្ឌចែកព្រំដែនរវាងបណ្តាប្រទេសរៀងៗខ្លួន និងបានផ្អាកជើងហោះហើរស្ទើរគ្រប់បណ្តាអ៊ែរឡាញ។ និយាយដោយឡែក រាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានានៃកម្ពុជា ក៏មានការបិទខ្ទប់ផងដែរ ដែលធ្វើឲ្យដំណើរការសាងសង់សណ្ឋាគារនេះជួបនូវការលំបាកយ៉ាងធ្ងន់ធ្ងរ និងពុំបានដំណើរការទៅដោយរលូន តាមផែនការរបស់ក្រុមហ៊ុនឡើយ ហើយភាពយឺតយ៉ាវនេះមានរយៈពេលរហូតដល់ទៅ ១៥ខែ ទើបតែអាចបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២។

អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ថា «ឥទ្ធិពលនៃវិបត្តិកូវីដ១៩ ជាសាកល ព្រមទាំងសង្រ្គាមរវាងរុស្ស៊ី-អ៊ុយគ្រែន បាននាំឲ្យកើតមានអតិផរណា ស្ទើរតែទូទាំងសកលលោក ហើយបានបង្រៀនយើង ជាពិសេសវិស័យទេសចរណ៍ (បដិសណ្ឋារកិច្ច) ឲ្យរស់នៅ និងរៀបចំខ្លួនតាមរបត់ថ្មី និងបានធ្វើឲ្យក្រុមហ៊ុនទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យហិរញ្ញវត្ថុ ដែលតម្រូវឲ្យក្រុមហ៊ុនពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមលើផែនការចាស់ ដែលនាំឲ្យក្រុមហ៊ុនបង្កើនទុនវិនិយោគគម្រោងត្រឹមតែ ៤០លានដុល្លារសហរដ្ឋអាមេរិក រហូតដល់ប្រមាណ ៦០លានដុល្លារសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ សណ្ឋាគារ សាន់ & មូន រីវើសាយ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ បានផ្តល់ឱកាសការងារទាំងខ្មែរ និងបរទេស សរុបចំនួនប្រមាណ ៤០០នាក់»

ប៉ុន្តែទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកលំបិនយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ៖

*ក្រសួងទេសចរណ៍ ដែលបានជំរុញ លើកទឹកចិត្ត គាំទ្រ និងបានចេញវិញ្ញាបនបត្រទទួលស្គាល់សណ្ឋាគារ SUN & MOON, Urban Hotel ជាសណ្ឋាគារលំដាប់ផ្កាយ៤ និងសណ្ឋាគារ សាន់ & មូន រីវើសាយ ជាសណ្ឋាគារលំដាប់ផ្កាយ៥។

*ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានផ្តល់ លិខិតអនុញ្ញាតសាងសង់ និងជួយសម្រួលដល់កិច្ចការសាងសង់នានាបានទាន់ពេលវេលា គួរជាទីគាប់ចិត្ត។
*ក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា (CDC) «គណៈកម្មការវិនិយោគកម្ពុជា» ដែលបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ នូវគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ “គ.ល.គ” និង “ក.អ.ក” ទាន់ពេលវេលា និងបានលើកទឹកចិត្តតាមគោលការណ៍វិនិយោគរបស់រាជរដ្ឋាភិបាល។

*អគ្គនាយកដ្ឋានពន្ធដារ ដែលបានជួយបន្ធូរបន្ថយពន្ធ ក្នុងសម័យកាលនៃវិបត្តិកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

*សាលារាជធានីភ្នំពេញ ដែលបានជួយសម្របសម្រួលការងារ និងបានអនុញ្ញាតឲ្យក្រុមហ៊ុនបានចូលរួមចំណែក ក្នុងការសាងសង់ផ្លូវថ្មើជើងស្របតាមមាត់ទន្លេ ប្រវែងប្រមាណ១០០ម៉ែត្រ នៅតាមបណ្តោយព្រំដីមុខសណ្ឋាគារ រហូតដល់គល់ស្ពានព្រះមុនីវង្ស និងជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីច្រាំងទន្លេ រហូតដល់មហាវិថីព្រះនរោត្តមប៉ែកខាងត្បូងសណ្ឋាគារ ប្រវែង៨០ម៉ែត្រ និងសម្រួលចរាចរណ៍សម្រាប់ផ្លូវបត់ឆ្វេងក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

*អាជ្ញាធរអគ្គិសនីកម្ពុជាដែលបានជួយសម្រួលរាល់ការផ្គត់ផ្គត់បណ្តាញអគ្គិសនីថ្មី និងដំឡើងចរន្តអគ្គិសនីបានទាន់ពេលវេលា។ អាជ្ញាធរដែនដីពាន់ព័ន្ធ ដែលស្ថិតនៅក្នុងតំបន់ក្នុងការជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយ។

សូមជម្រាបថា ការបើកសម្ពោធសណ្ឋាគារ សាន់ & មូន រីវើសាយ គឺស្របពេលដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម សណ្ឋាគារ សាន់ & មូន រីវើសាយ ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាសណ្ឋាគារផ្លូវការសម្រាប់ទទួលប្រតិភូជាតិ-អន្តរជាតិ ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា ព្រមជាមួយគ្នា សណ្ឋាគារលំដាប់ផ្កាយ៥នេះ ក៏បានទទួលពានរង្វាន់លំដាប់ពិភពលោកចំនួនពីរ គឺពាន WORLD-CLASS DESIGN HOTEL និងពាន WORLD-CLASS BANQUET / EVENT HOTEL ប្រចាំឆ្នាំ២០២៣ ពី Muse Hotel Award 2023៕