(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Alphabet Inc លោក Sundar Pichai បានទទួលបា្រក់បំណាច់ឆ្នាំបានរហូតដល់ទៅខ្ទង់ ២២៦លានដុល្លារឯណោះសម្រាប់ឆ្នាំ២០២២ ដែលត្រូវបានគេកត់សម្គាល់ថាមានចំនួនច្រើនជាង ៨០០ដងនៃប្រាក់ឈ្នួលរបស់បុគ្គលិកជាមធ្យម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

នៅថ្ងៃសុក្រសប្តាហ៍នេះ Alphabet បាននិយាយនៅក្នុងឯកសារមូលបត្រមួយថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ២០២២ សរុបរបស់ Pichai កន្លងទៅនេះ បានកើនឡើងខ្ពស់ ដោយក្នុងនោះគ្រាន់តែប្រាក់រង្វាន់ភាគហ៊ុនមានប្រហែល ២១៨លានដុល្លារ ដែលបានមកពីការបញ្ឈប់បុគ្គលិកទូទាំងពីភពលោក។

គួរជម្រាបដែរថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ២០២២ របស់លោក Pichai នេះបានកើនឡើងស្របពេលដែល Alphabet បានបញ្ឈប់បុគ្គលិកប្រហែល ១២,០០០នាក់ទៅជុំវិញពិភពលោកក្នុងខែមករា ដើមឆ្នាំ២០២៣ ដែលស្មើនឹង ៦ភាគរយនៃចំនួនបុគ្គលិកសរុបទូទាំងពិភពលោករបស់ខ្លួន។ ខណៈការបញ្ឈប់បុគ្គលិកក្នុងចំនួននេះគ្រាន់តែជាចំនួនសរុបគិតត្រឹមខែមករាប៉ុណ្ណោះ ក្រោយពីនេះនៅមានរបាយការណ៍ជាបន្តបន្ទាប់ថា Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google នឹងនៅតែបន្តពិនិត្យទៅលើការងារមួយចំនួនទៀតបើមិនចាំបាច់នឹងត្រូវបានដកចេញក្រោមគោលការណ៍កាត់បន្ថយចំណាយរបស់ក្រុមហ៊ុន៕