(ភ្នំពេញ)៖ ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាកចេញពីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឆ្ពោះទៅប្រទេសឡាវហើយនៅព្រឹកថ្ងៃទី២២ ខែមេសានេះ ខណៈឡាវ គឺជាប្រទេសក្នុងតំបន់ក្រោយគេ ដែលត្រូវរៀបចំពិធីដង្ហែដ៏មានអត្ថន័យនេះ មុនដង្ហែត្រឡប់ចូលប្រទេសកម្ពុជាវិញនាថ្ងៃទី២៧ ខែមេសាសប្ដាហ៍ក្រោយ។

ដំណើរគោលចររបស់ព្រះអគ្គិជ័យកីឡា ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC នេះ មានការជូនដំណើរពីលោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងលោក U Htay Aung អភិបាលខេត្តយ៉ាំងហ្គូន និងជាប្រធានគណៈកម្មាធិការអប់រំកាយ និងកីឡាភូមិភាគយ៉ាំងហ្គូនផងដែរ ក្រោយទទួលបានជោគជ័យក្នុងពិធីដង្ហែនៅទីក្រុងយ៉ាំងហ្គូនកាលពីម្សិលមិញ។

គួរដឹងថា ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជោគជ័យ និងទទួលបានការគាំទ្រយ៉ាងផុសផុលជាបន្ដបន្ទាប់ នៅប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា មុនបន្ដដំណើរទៅឡាវថ្ងៃនេះ គ្រាដែលពិធីដង្ហែនៅឡាវ នឹងរៀបចំនៅទីក្រុងវៀងច័ន្ទន៍ នាថ្ងៃទី២៥ ខែមេសា។

តាមការគ្រោងទុក ក្រោយពិធីដង្ហែនៅឡាវ ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្ដដំណើរពីទីក្រុងវៀងច័ន្ទន៍ ទៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នៅថ្ងៃទី២៦-មេសា មុនពិធីដង្ហែត្រឡប់ចូលកម្ពុជាវិញនាថ្ងៃទី២៧-មេសា តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង ដោយនឹងមានមន្ដ្រីជាន់ខ្ពស់កម្ពុជា មានទទួលស្វាគមន៍នៅព្រំដែនអន្ដរជាតិខាងលើ ជាមួយការចូលរួមដង្ហែ និងអបអរសាទរពីមន្ដ្រី ព្រមទាំងកីឡាករ-កីឡាការិនីឡាវ ពីទីក្រុងប៉ាក់សេផងដែរ។

បន្ទាប់ពីធ្វើដំណើរដល់ខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែទៅតម្កល់ទុកនៅវត្ដស្រះកែវមុន្នីវណ្ណ (វត្តលើ) ១យប់ មុនបន្ដដង្ហែទៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា។ លុះដល់ថ្ងៃទី២៩ ខែមេសា ពិធីដង្ហែនឹងត្រូវចេញដំណើរគោលចរជុំវិញបឹងទន្លេសាប ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមាន័យ សៀមរាប កំពង់ធំ កំពង់ចាម ហើយបន្ដដង្ហែតាមផ្លូវជាតិលេខ៦ រហូតដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នាវេលាម៉ោង ៨៖៣០នាទីយប់ ត្រូវនឹងពេលវេលាពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕