(ភ្នំពេញ)៖ ថ្មីៗនេះ បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវ បានគេហទំព័រដ៏ល្បីមួយរបស់វៀតណាមដែលតែងតែចុះផ្សាយពីតារាល្បីៗ នៅក្រៅប្រទេសឈ្មោះថា VGT TV - Việt Giải Trí បានយកទៅចុះផ្សាយនិយាយសរសើរ ពីប្រទេសកម្ពុជាមិនដាច់ពីមាត់ ពីចំនួនអ្នកចូលទស្សនាជិត ៥០លានដងហើយ រហូតជាប់ «ពេញនិយមលំដាប់លេខ១» (trending top 1) នៅកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះសារព័ត៌មានរបស់វៀតណាមដដែលនោះក៏ បានកោតសរសើរ កម្ពុជាដែលម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ បានសម្រេចចិត្តមិនយកប្រាក់ថ្លៃការហុបចុកនិងការស្នាក់នៅសម្រាប់ប្រតិភូកីឡាដែលចូលរួមប្រកួតផងដែរ។

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា បទ «ស្រលាញ់អ្វីដែលខ្មែរមាន»«Cambodia Pride» របស់ផលិតកម្ម Galaxy Navatra មានភាពល្បីល្បាញខ្លាំងមែនទែន ហើយក៏ទទួលបានគាំទ្រខ្លាំង និងការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជន។ ចាប់តាំងពីចេញវីដេអូខ្លីៗ រហូតដល់ចេញ Full MV មក បទចម្រៀងមួយបទនេះកាន់តែល្បីសុះសាយទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមគ្នានោះដែរក៏ឃើញមាន សារព័ត៌មានបរទេសល្បីៗ ដូចជា ឥណ្ឌូណេស៊ី ថៃ កូរ៉េ  Youtuber ល្បីៗក្រៅស្រុក យកទៅចុះផ្សាយហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់។ ភាពអស្ចារ្យ នៃបទចម្រៀងមួយបទនេះ បានធ្វើឲ្យបរទេសស្គាល់ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។

កាលពីថ្ងៃទី១៩ ខែមេសា ថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានគេហទំព័រដ៏ល្បីមួយរបស់វៀតណាមដែលតែងតែចុះផ្សាយពីតារាល្បីៗនៅក្រៅប្រទេសឈ្មោះថា VGT TV - Việt Giải Trí បានយកទៅចុះផ្សាយនិយាយសរសើរផងដែរ។

VGT TV បានចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបង្ហាញរូបតារាចម្រៀងស្រីឆ្នើម តន់ ចន្ទសីម៉ា ព្រមជាមួយខ្លឹមសារសរសើរថា៖ « បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលផលិតឡើងសម្រាប់ ស៊ីហ្គេមលើកទី៣២ របស់កម្ពុជា កំពុងទាក់ទាញការកោតសរសើរយ៉ាងខ្លាំង ដោយក្រោយបង្ហោះលើ Youtube គិតមកដល់ពេលនេះ មានអ្នកចូលទស្សនាជិត ៥០លានដងហើយ រហូតជាប់ trending top 1 នៅកម្ពុជាទៀតផង។ MV នេះថតនៅកន្លែងល្បីៗជាច្រើនដូចជា ពហុកីឡាដ្ឋានមរតកតេជោ ប្រាសាទអង្គរវត្ត សម្រស់រាជធានីភ្នំពេញ ទេសភាពសមុទ្រ...ជាដើម។ កម្ពុជាដែលម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២  បានសម្រេចចិត្តមិនយកប្រាក់ថ្លៃការហុបចុកនិងការស្នាក់នៅសម្រាប់ប្រតិភូកីឡាដែលចូលរួមប្រកួត ហើយមានការកោតសរសើរពីបណ្ដាប្រទេសជាសមាជិកជាខ្លាំង។

គួរបញ្ជាក់ផងដែរថា បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតឡើងសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣ នេះ។

បទចម្រៀងនេះ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា ៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្ដម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់។

បទនេះ ត្រូវបានបកស្រាយរួមគ្នាពីកំពូលតារាចម្រៀង ៤ ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ដោយមាននារីរាំអមជិត ១ ពាន់នាក់អម៕