(ក្រុងឡុងដ៍)៖ ទាំងលោក Vincent Kompany ដែលកំពុងដឹកនាំក្លិប Burnley និងបុរសទំនេរពីការងារ Mauricio Pochettino បានជាប់ shortlist ដូចគ្នា ក្នុងការក្លាយជាគ្រូបង្វឹកពេញសិទ្ធិនៃក្លិបបាល់ទាត់តោខៀវ Chelsea នាពេលដ៏ខ្លីខាងមុខនេះ។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ នេះថា បុរសសញ្ជាតិ ប៊ែលហ្សិក Kompany បានដឹកនាំ Burnley ឡើងមកលេងនៅ Premier League វិញសម្រាប់រដូវកាលក្រោយ ដ្បិតនៅសល់ ៧ប្រកួតក្នុងលីគ Championship នោះបានក្លាយជាបេក្ខភាពសំខាន់ក្នុងការក្លាយជាគ្រូបង្គោល Chelsea បន្តពីលោក Graham Potter ដែលត្រូវបានបណ្តេញចេញកាលពីដើមខែមេសានេះ។

យ៉ាងណាក៏ដោយ ក្លិបលេងនៅ Premier League តោខៀវ Chelsea ក៏បានកំពុងពិចារណា ជាមួយនឹងគ្រូបង្វឹកផ្សេងមួយទៀតដែលមិនបានបញ្ចេញឈ្មោះ ដ្បិតថ្មីៗនេះដែរ ក៏បានជួបពិភាក្សាជាមួយលោក Julian Nagelsmann ជាមួយនឹងការទទួលបាន feedback ច្រើនក្នុងការទទួលយកបុរសសញ្ជាតិអាល្លឺម៉ង់មកធ្វើការនៅ Stamford Bridge ក្នុងនាមជាគ្រូដែល Bayern Munich ទើបបញ្ចប់តំណែងកាលពីខែមីនា ឆ្នាំ២០២៣ ផងនោះ។

ដោយឡែកសម្រាប់បេក្ខភាពលោក Pochettino ដែលបានទំនេរពីការងារ ក្រោយពេល Paris St-Germain ដកតំណែងកាលពីរដូវក្តៅមុន ក៏ធ្លាប់ចំណាយពេលដឹកនាំក្លិបលេងនៅ Premier League គឺ Tottenham Hotspur បាន ៥រដូវកាលផងដែរ ជាមួយនឹងការឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នាឆ្នាំ២០១៩ ទៀតផង។

បច្ចុប្បន្នតោខៀវ Chelsea បានកំពុងឈរនៅលេខរៀងទី១១ ក្នុងលីគជាបណ្តោះអាសន្នជាមួយ ៣៩ពិន្ទុ ដោយត្រូវស្វាគមន៍ Brentford មកកាន់ទឹកដី Stamford Bridge នារាត្រីថ្ងៃពុធសប្តាហ៍ក្រោយ នៅពេលការប្រកួតទល់នឹង Manchester United រាត្រីនេះត្រូវបានពន្យារពេល៕