(ក្រុងឡុងដ៍)៖ កាំភ្លើងធំ Arsenal បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ៣-៣ ទល់នឹងក្រុមភ្ញៀវ Southampton នៅយប់មិញនេះ ដែលជាកំណត់ត្រាស្មើ ៣លើកជាប់ៗគ្នាក្នុងលីគ នាំឲ្យការប្រជែងពានលីគកំពូលអង់គ្លេស Premier League ២០២២-២០២៣ ជាមួយក្រុមការពារតំណែងជើងឯក Manchester City មានកំដៅខ្លាំងឡើង។

គិតត្រឹមពេលនេះ ក្រុមកំពូលតារាង Arsenal លេងបាន ៣២ប្រកួតហើយ ដោយមាន ៧៥ពិន្ទុកំពុងនាំមុខក្រុមលេខ២ Man City មកនៅត្រឹម ៥ពិន្ទុប៉ុណ្ណោះ ដ្បិតមេឃខៀវនៅសល់ ២ប្រកួតក្នុងដៃថែមទៀតនៃការប្រកួតក្នុងជើងទី២ នេះ។

ក្នុងជំនួបទល់នឹងក្រុមបាតតារាង Southampton នោះដែរ Arsenal បានរបូតគ្រាប់ទី១ ត្រឹមចាប់ផ្តើមលេងបាន ២៨វិនាទីប៉ុណ្ណោះក្នុងកីឡដ្ឋាន Emirates និងជាសំណាងរកបាន ២គ្រាប់តាមស្មើ ៣-៣ ចុងម៉ោងដែររបស់កីឡាករ Martin Odegaard និង Bukayo Saka ក្នុងការសង្រ្គោះ ១ពិន្ទុមកវិញ ដែលជាការលេងស្មើលើកទី៣ ក្នុងលីគចុងក្រោយនេះ បន្ទាប់ពីស្មើ ២-២ ទល់នឹង Liverpool និងបញ្ចប់ក្នុងលទ្ធផលនេះដូចគ្នាទល់នឹងញញួរធំ West Ham United ទៀត។

Arsenal ដែលបានខកខានលើកពាន Premier League តាំងពីរដូវកាលឆ្នាំ២០០៣-២០០៤ មកនោះ នឹងត្រូវប៉ះគីឡូធ្ងន់ Manchester City នៅរាត្រីថ្ងៃពុធសប្តាហ៍ក្រោយទៀត ក្នុងកីឡដ្ឋាន Etihad របស់មេឃខៀវ ហើយប្រសិនបើពួកគេចាញ់ និងសល់គម្លាតតែ ២ពិន្ទុវិញរឹតតែបុកពោះខ្លាំងឡើងថែមទៀត គ្រាដែល Southampton បន្តឈរនៅលេខរៀងទី២០ បាតតារាងដដែលដោយមាន ២៤ពិន្ទុ ចាញ់ប្រៀប ៣ពិន្ទុពីក្រុមនៅក្រៅតំបន់កាត់ចេញពីលីគនារដូវកាលនេះ៕