(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet Inc ដែលជាមេធំរបស់ Google កំពុងរួមបញ្ចូលគ្នារវាង Google Brain និង DeepMind ក្នុងការបង្កើនសមត្ថភាពទ្វេដងលើការស្រាវជ្រាវបញ្ញាសិប្បនិមិត្ត (AI) ដើម្បីប្រកួតប្រជែងជាមួយនឹង ChatGPT របស់ OpenAI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai បានឱ្យដឹងថា ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទាំងពីរ ក្នុងគោលបំណងបង្កើនសមត្ថភាព AI Bard របស់ Google ឱ្យកាន់តែខ្លាំងជាមុន ហើយក្នុងដំណើរការថ្មីនេះ នឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិ DeepMind លោក Demis Hassabis។

តាមការបញ្ជាក់ពី Alphabet បានបន្ថែមទៀតថា AI Bard ថ្មីនេះនឹងរូបបញ្ចូលនូវ AI «ពហុមុខងារ» ដូចទៅនឹង ChatGPT-4 ជំនាន់ក្រោយបង្អស់របស់ Open AI ដែលមានសមត្ថភាពលើសពីការឆ្លើយតបធម្មតា ប៉ុន្តែអ្នកប្រើប្រាស់អាចបញ្ចូលរូបភាព និងបង្កើតមាតិកាថ្មីៗបានទៀតផង។ យ៉ាងណាមិញ Google បានគ្រប់គ្រងទីផ្សារស្វែងរក (Search Market) អស់ជាច្រើនទសវត្សមកហើយ ជាមួយនឹងចំណែកជាង ៨០ភាគរយ ប៉ុន្តែ Wall Street បារម្ភថាអង្គភាព Alphabet អាចធ្លាក់ពីក្រោយ Microsoft Corp វិញ ខណៈខាងនោះមានល្បឿនលឿនជាងទៅលើមុខងារ AI៕