(ឡុងដ៍)៖ ក្លិប Tottenham Hotspur មានជំនឿចិត្តថា ពួកគេអាចបញ្ចប់ ក្នុងចំណោមក្រុមកំពូលតារាងទាំង៤ សម្រាប់រដូវកាល២០២២-២៣, នេះបើតាមសម្តីអ្នកចាត់ការបណ្តោះអាសន្នលោក​​ Cristian Stellini ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

Spurs បានធ្លាក់ចេញពីក្រុម Top 4 បន្ទាប់ពីការបណ្តេញអ្នកចាត់ការ Antonio Conte ចេញពីតំណែង កាលពីខែមុន ហើយកំពុងឈរនៅលំដាប់ទី៥ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន៥៣ពិន្ទុ ដោយបានលេង១ប្រកួត ច្រើនជាងក្រុមលំដាប់ទី៤ Newcastle United ដែលមាន ៥៦ពិន្ទុ។

«ខ្ញុំគិតថា លុះត្រាតែគណិតវិទ្យា ផ្តល់ឲ្យពួកយើងនូវហេតុផល ដើម្បីបញ្ឈប់ការជឿជាក់ បើមិនដូច្នោះទេ យើងនៅតែបន្តការជឿជាក់, បន្តការជម្រុញ និងប្រកួតរហូតសម្រេចបាន Top 4» នេះបើតាមសម្តីបុរសញ្ជាតិអ៊ីតាលី បានប្រាប់អ្នកសារព័ត៌មាន មុនពេលធ្វើដំណើរនៅថ្ងៃអាទិត្យ ទៅជួបក្រុម Newcastle។

«យើងមានពេលវេលាមួយសប្តាហ៍ ដើម្បីពង្រឹងក្រុមឡើងវិញ បន្ទាប់ពីការប្រកួតចុងក្រោយ ហើយយើងមានសប្តាហ៍ដ៏ល្អ» លោក Stellini បានបន្ថែម។

Spurs មានរដូវកាលដ៏លំបាក ដោយមានត្រឹមតែការបញ្ចប់ក្នុងចំណោម Top 4 ក្នុងលីគ Premier League ប៉ុណ្ណោះ ដែលត្រូវប្រជែង បន្ទាប់ពីបានធ្លាក់ចេញពី FA Cup និង Champions League កាលពីខែមុន៕