(ភ្នំពេញ)៖ លោក វ៉ាត ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា សំបុត្រសម្រាប់ចូលមើលកីឡាក្នុងព្រឹត្តិការណ៍ស៉ីហ្គេម អាចយកតាមរយៈ ២ជម្រើស គឺយកតាមអេប Cambodia 2023 ក៏បាន ឬទៅយកផ្ទាល់ក៏បាន។

មន្ត្រីរូបនេះបានបញ្ជាក់បែបនេះ មកកាន់បណ្តាញ Fresh News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីមានមហាជនជាច្រើន នៅតែមិនច្បាស់លាស់ ពាក់ព័ន្ធនឹងការទៅយកសំបុត្រសម្រាប់ទស្សនាកីឡា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម ដោយមិនគិតថ្លៃ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ាត ចំរើន បានឲ្យដឹងតាមទូរសព្ទថា «គេអាចយកបានទាំង ២មធ្យោបាយ ប៉ុន្តែ វាមានកំណត់។ ឧបមាថា គេកក់តាមអនឡាញ បានប៉ុន្មានសន្លឹកហើយ សល់ពីនោះគេយកទៅចែកនៅបញ្ជរ ដែលបានរៀបចំ»។

គួរជម្រាបថា ក្រៅពីលើអេប Cambodia 2023 មហាជនអាចយកសំបុត្រសម្រាប់ចូលទស្សនាកីឡា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេម នៅតាមបញ្ជរនានា ឯផ្សារទំនើបអ៉ីអន១ អ៉ីអន២ និងអ៉ីអន៣ និងនៅពហុកីឡដ្ឋានអូឡាំពិក ក៏ដូចជានៅពហុកីឡដ្ឋានមរតកតេជោ ជាដើម។ ចំពោះជនជាតិខ្មែរ ដែលរស់នៅបរទេសអាចយកសំបុត្រដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅបំពេញពាក្យលើតំណរភ្ជាប់៖ www.overseaskhmer2023.com ។

SEA Games នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕