(បរទេស)៖ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះក្រុមហ៊ុនផលិតយានអវកាសអាមេរិក SpaceX បានធ្វើតេស្តសាកល្បងបាញ់បង្ហោះ Starship ជាលើកដំបូងដែលជារ៉ុក្កែតមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក។ តែយ៉ាងណាការហោះហើរជើងដំបូងនេះ Starship ត្រូវបានផ្ទុះក្នុងអំឡុងពេលកំពុងបង្ហោះ ប៉ុន្តែត្រូវបាន SpaceX ចាត់ទុកថាជាជោគជ័យមួយផ្នែករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

បរាជ័យលើកនេះ Musk មិនបានខកចិត្តនោះទេ ដោយលោកបានចេញសារអបអរសាទរក្រុមការងារ SpaceX ក្នុងដំណើរការបង្ហោះ Starship ដែលទទួលត្រឡប់មកវិញនូវបទពិសោធន៍ និងមេរៀនជាច្រើន ក្នុងការបង្ហោះតេស្តសាកល្បងលើកនេះ ហើយ SpaceX ក៏នឹងបានទទួលនូវដំណោះស្រាយថ្មីដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ហោះលើកក្រោយដែលគ្រោងធ្វើឡើងក្នុងរយៈពេល ២ ទៅ ៣ខែខាងមុខនេះ។

តាមរយៈការបង្ហោះលើកនេះ SpaceX បានឱ្យដឹងថានេះជាកំណត់ត្រាថ្មីរបស់ Starship ដែលអាចហោះហើរលើមេឃបានកម្ពស់ជាង ៣០គីឡូម៉ែត្រពីដីទើបជូបបញ្ហាបណ្តាឱ្យផ្ទុះក្រោយបង្ហោះបានប្រហែល ៤នាទី។ យ៉ាងណាមិញមុននឹង Starship ឈានដល់ការផ្ទុះនេះត្រូវបានគេសង្កេតឃើញថា មានម៉ាស៊ីនចំនួន ៦ក្នុងចំណោមម៉ាស៊ីនទាំង ៣៣របស់ Satarship បានជួបបញ្ហាគាំងលែងដំណើរការទើបបណ្តាឱ្យឆាបឆេះផ្ទុះតែម្តង។

តែក្នុងករណីនេះមិនមានមនុស្សណាម្នាក់មានគ្រោះថ្នាក់ រឺរងរបួសស្នាមនោះទេ៕