(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា​វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន​ចំណេះដឹងទូទៅ វ៉េស្ទឡាញន៍ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្តីពី​ការរៀបចំផែនការអាជីព និងជ្រេីសរេីសជំនាញសិក្សា ដល់សិស្សានុសិស្ស​ចំនួនសរុបចំនួន ១០៨៤នាក់ ដែលកំពុងសិក្សានៅ​សាលារៀនវ៉េស្ទឡាញន៍ នៅទីតាំងទាំង១០ នៅរាជធានីភ្នំពេញ និង ១សាខាទៀតនៅខេត្តបាត់ដំបង។

ពិធីបើកសិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះ ត្រូវបានរៀបចំ​ឡើងនៅទីតាំងសាលាវ៉េស្ទឡាញន៍ សាខាច្បារអំពៅ ដោយមានការចូលរួមជាអធិបតី​ពីលោក តែ ឡាយ ប្រធាននាយកអប់រំនៃសាលាវេស្ទឡាញន៍ និងលោក ស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធាន NEA​ ក្នុងគោលបំណងដើម្បីបញ្ជ្រាប​ព័ត៌មានទីផ្សារការងារ និងផ្តល់គន្លឹះ ក្នុងការជ្រើសរើស​ការងារដែលស័ក្តិសមនឹងជំនាញ ចំណូលចិត្ត គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់សិស្ស ដើម្បីរៀបចំផែនការអាជីព និងការសិក្សាដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

លើកឡើងនាឱកាសនោះលោក តែ ឡាយ ក៏បានបង្ហាញអារម្មណ៍រីករាយដែលបានសហការជាមួយ NEA ក្នុងការរៀបចំសិក្ខាសាលានេះឡើង។ លោកបន្តថា សិក្ខាសាលាដែលបានរៀបចំនាថ្ងៃនេះ នឹងផ្តល់​អត្ថប្រយោជន៍សំខាន់ណាស់សម្រាប់សិស្សានុសិស្សទាំងអស់ក្នុងការស្វែងយល់ពីខ្លួនឯងឲ្យច្បាស់ដើម្បីរៀបចំផែនការសិក្សា ក៏ដូចជាជ្រើសរើសជំនាញសិក្សាបន្តបន្ទាប់ពីបញ្ចប់​កម្រិតសិក្សាទុតិយភូមិនាពេលខាងមុខ។

បើតាមលោកស្រី អ៊ូច ជាច័ន្ទមល្លិកា បានឲ្យដឹងថា ការណែនាំតម្រង់ទិសជ្រើសរេីសជំនាញ សិក្សាដេីម្បីបន្តទៅថ្នាក់ឧត្តមសិក្សាគឺជារឿងសំខាន់ខ្លាំង​ដើម្បីជួយដល់សិស្សានុសិស្សក្នុងការរៀបចំផែនការអាជីព​ និងការសិក្សា​ ដែលផ្សារភ្ជាប់នឹងតម្រូវការទីផ្សារការងារ។ ជាការពិតការសម្រេចចិត្តលើផ្នែកនេះ​មិនមែនជាការងាយស្រួលនោះទេ ពីព្រោះ​សិស្សានុសិស្ស​ម្នាក់ៗត្រូវធ្វើការស្វែងយល់ឲ្យបានស៊ី ជម្រៅអំពីកត្តាពាក់ព័ន្ធនានាដូចជា ការស្វែងយល់ពីកត្តា ខ្លួនឯង ចំណង់​ចំណូលចិត្ត ជំនាញ គុណតម្លៃ និង​បុគ្គលិកលក្ខណៈដែល​ស័ក្តិសមសម្រាប់ការសិក្សា មុខវិជ្ជានីមួយៗ។ ដូចច្នេះតាមរយៈសៀវភៅកម្រងសំណួរ​ ស្វែងយល់ពីខ្លួនឯងនឹងអាចផ្ដល់ជាគន្លឹះ​ និងព័ត៏មានសម្រាប់សិស្សនុសិស្សធ្វេីការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងអាចសម្រេចក្តីសុបិន្តរបស់ពួកគេទាំងក្នុងការ​សិក្សា នឹងក៏ដូចជាជីវិតការងារជាដើម។

គួរបញ្ជាក់ថា សិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងជ្រេីសរេីសជំនាញសិក្សា ត្រូវបានរៀបចំឡើងជាប្រចាំ ដោយ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅតាមគ្រឹះស្ថានសិក្សា អប់រំ បណ្តុះបណ្តាល ទាំងរដ្ឋ និងឯកជននៅ ទូទាំងប្រទេស​តាមរយៈក្រុមការងារមគ្គទេសន៍អាជីព និងមជ្ឈមណ្ឌល​ការងារ ជូនដល់សិស្សានុសិស្សដោយ ឥតគិតកម្រៃ៕