(ម៉ាទ្រីដ)៖ កីឡាករតេន្នីស Rafael Nadal បានលើកឡើងថា លោកកំពុងស្ថិតក្នុងស្ថានភាពលំបាក ខណៈលោកមិនទាន់ដឹងនោះទេ ថាតើពេលណាលោកនឹងជាសះស្បើយពីរបួស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២៣។

ដំបូងឡើយលោកត្រូវអវត្តមានពីការប្រកួតពី ៦ទៅ៨សប្តាហ៍ ដោយសាររបួសត្រគាក ប៉ុន្តែមកដល់ឥឡូវនេះ លោកមិនបានចូលរួមប្រកួតណាមួយនោះទេ ចាប់តាំងពីថ្ងៃទី១៨ ខែមករាមក។

Nadal បានបញ្ជាក់ថា លោកនឹងខកខានការប្រកួតនៅព្រឹត្តិការណ៍ Madrid Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមេសាខាងមុខ ហើយក៏មានភាពសង្ស័យផងដែរ ចំពោះការចូលរួមរបស់លោកក្នុងកម្មវិធី French Open នាខែឧសភាខាងមុខ។

«បញ្ហារបួសនៅមិនទាន់ជាសះស្បើយនៅឡើយទេ»។ នេះបើតាមសម្តីកីឡាករវ័យ ៣៦ឆ្នាំ សញ្ជាតិអេស្ប៉ាញ។

លោកថា «ខ្ញុំមិនអាចសម្រេចបាននូវអ្វីដែលខ្ញុំត្រូវការ ដើម្បីប្រកួតឡើយ។ ខ្ញុំបានធ្វើការហ្វឹកហាត់តិចតួចឡើងវិញ ស្របពេលកំពុងធ្វើការព្យាបាល ហើយមើលថាតើអ្វីៗនឹងមានការវិវឌ្ឍ ដើម្បីទទួលបានអ្វីនឹងកើតឡើងបន្ទាប់»។ លោកបានពន្យល់ក្នុងវីដេអូមួយ ដែលបង្ហោះលើប្រព័ន្ធសង្គមរបស់លោក។

«ខ្ញុំមិនអាចប្រាប់ពីកាលបរិច្ឆេទនោះទេ ថានឹងជាសះស្បើយនៅពេលណា»

​Nadal ដែលបានឈ្នះពានរង្វាន់ French Open លើកទី១៤ របស់លោកកាលពីឆ្នាំមុននោះ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានការរហែកសាច់ដុំត្រគាកផ្នែកខាងឆ្វេង បន្ទាប់ពីបានចាញ់ការប្រកួតជុំទី២ នៅព្រឹត្តិការណ៍ Australian Open កាលពីខែមករាកន្លងទៅ៕