(ភ្នំពេញ)៖ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមពិធីដង្ហែនៅទីក្រុងយ៉ាំងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២១ ខែមេសានេះ ដោយមានមន្ដ្រីជាន់ខ្ពស់ កីឡាករ-កីឡាការិនី និងពលរដ្ឋ ចូលរួមរត់ដង្ហែអបអរសាទរតាមដងផ្លូវប្រមាណ ១,៣០០នាក់។

ពិធីដង្ហែដែលរៀបចំនៅនិវេសនដ្ឋាន នៃស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានធ្វើឡើងក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC និងលោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងលោក Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំកីឡា និងអាជ្ញាធរជាច្រើនទៀត ។

សូមបញ្ជាក់ថា ការដង្ហែព្រះអគ្គិជ័យកីឡា បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

រំលឹកផងថា មកទល់ពេលនេះ ព្រះអគ្គិជ័យកីឡា បានដង្ហែឆ្លងកាត់ប្រទេសវៀតណាម ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី សិង្ហបុរី, ថៃ, និងមីយ៉ាន់ម៉ា ហើយនឹងបន្ដដង្ហែនៅប្រទេសឡាវ មុនដង្ហែចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខេមេសាខាងមុខ៕