(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Elon Musk គំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនសូហ្វវែលយក្ស Microsoft ដោយចោទប្រកាន់ពីបទប្រើប្រាស់ទិន្នន័យ Twitter API ដោយខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ការគំរាមនេះបានកើតឡើងក្រោយកំពូលមហាសេដ្ឋី Elon Musk បានឆ្លើយតបទៅនឹងសារបង្ហោះនៅលើ Twitter មួយដែលបានរាយការណ៍ថា ក្រុមហ៊ុន Microsoft នឹងឈប់គាំទ្រ Twitter សម្រាប់ផ្នែកផ្សាយពាណិជ្ជកម្មរបស់ខ្លួនទៀតហើយ។ ទាំងនេះដោយសារតែការផ្លាស់ប្តូររបស់ Twitter ដែលទាមទាឱ្យទូទាត់ប្រាក់ដើម្បីចូលប្រើ API របស់ខ្លួន ខណៈការរៀបចំតម្លៃថ្មីរបស់ Twitter ក្រុមហ៊ុនយក្ស Microsoft អាចនឹងត្រូវចំណាយប្រាក់រហូតដល់ ៤២,០០០ដុល្លារក្នុងមួយខែឯណោះ ដើម្បីទទួលបានការចូលប្រើ API របស់ Twitter។

ចាប់តាំងពីការរៀបតម្លៃថ្មីដើម្បីអាចចូលប្រើប្រាស់ទិន្នន័យរបស់ Twitter មានក្រុមហ៊ុនយក្សជាច្រើនបាននាំគ្នាប្រកាសបញ្ឈប់ការប្រើប្រាស់គណនី Twitter ដោយឡែកក្នុងសប្តាហ៍នេះមានក្រុមហ៊ុនវិទ្យុដ៏ធំបំផុតរបស់ស៊ុយអែតបានប្រកាសបញ្ឈប់ការប្រើប្រាស់ព្រមទាំងលុបគណនីរបស់ខ្លួនតែម្តង។

គួរជម្រាបដែរថា ការគំរាមប្តឹងផ្តល់ពី Musk ចំពោះ Microsoft គឺមានភាពមិនច្បាស់លាស់នៅឡើយទេ ហើយបច្ចុប្បន្នប្រភពក៏នៅមិនទាន់អាចបញ្ជាក់បានដែរថា Musk នឹងធ្វើបែបនេះមែនរឺអត់ ប៉ុន្តែនេះជាលើកទី១ ហើយដែល Musk គំរាមចាត់វិធានការផ្លូវច្បាប់បែបនេះ។ បើតាមការបញ្ជាក់ពីប្រភពគឺដោយសារតែ ក្រុមហ៊ុន OpenAI ដែលស្ថិតក្រោមវិនិយោគរបស់ Microsoft បានចូលប្រើ Twitter API ដើម្បីបណ្តុះបណ្តាគំរូភាសា និងអភិវឌ្ឍន៍គំរូភាសា AI ដ៏ធំនៅពីក្រោយផលិតផលដូចជា ChatGPT ខណៈ Musk និង OpenAI កំពុងតឹងសសៃកដាក់គ្នាក្រោយមិនសមបំណងដែរខ្លួនចង់បាន៕