(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅល្ងាចថ្ងៃទី២០ ខែមេសានេះ បានអញ្ជើញក្រុងពាលី និងសម្ពោធដាក់ឲ្យប្រើប្រាស់ភូមិកីឡាជាផ្លូវការ ដើម្បីត្រៀមទទួលប្រតិភូ និងអត្តពលិកចូលរួមការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ ។

សម្តេចពិជ័យសេនា មានប្រសាសន៍ថា ការសាងសង់ភូមិកីឡា ត្រូវបានបិទបញ្ចប់ទាំងស្រុងត្រឹមថ្ងៃនេះ ដោយមិនអនុញ្ញាតឲ្យមានការសាងសង់អ្វីនាំឲ្យមានសម្លេងអ្វីទៀតឡើយ ។ សម្ដេចពិជ័យសេនាបន្ដថា «កិច្ចការងារនេះ យើងបាននិយាយជាបន្តបន្ទាប់ហើយ គឺយើងបិទស្នូរសំឡេង ដែលយើងហៅថាការសាងសង់មិនឲ្យមានសំឡេងទៀតទេ។ ចាប់ពីម៉ោងនេះទៅគឺយើងនៅសល់តែការបោសជូតលាងសម្អាតបន្តិចបន្តួចនៅតាមបន្ទប់នានា ធ្វើអនាម័យ ហើយនឹងរៀបចំមើលថែទាំសម្ភារនានា តែប៉ុណ្ណោះ»។

ទន្ទឹមជាមួយគ្នា សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសជូនដល់ប្រតិភូ អត្តពលិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៃបណ្ដាប្រទេសសមាជិកទាំងអស់ថា កម្ពុជាបានរៀបចំជូនរួចជាស្រេចនូវកន្លែងស្នាក់នៅ ហូបចុក ប្រកបដោយផាសុកភាព ព្រមទាំងធានាថា ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានត្រៀមស្វាគមន៍យ៉ាងកក់ក្តៅ ដូចការយកចិត្តទុកដាក់ជារឿយៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងអត្តពលិក ក៏ដូចជាអ្នកគាំទ្រមកពីគ្រប់ទិសទី ។

គួរដឹងថា ភូមិកីឡាត្រូវបានបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០២០ ដោយក្រុមហ៊ុន WorldBridge Sport Village ជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់។ ភូមិកីឡានឹងបម្រើដល់ការស្នាក់នៅរបស់អត្តពលិក មន្ត្រីអាជ្ញាកណ្ដាល និងនាយរងបេសកកម្ម ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សរុបប្រមាណ ៣,៧០០ គ្រែ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ភូមិកីឡា នឹងទទួលការស្នាក់នៅហូបចុក សម្រាប់អត្តពលិក ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានមរតកជោប៉ុណ្ណោះ ខណៈប្រតិភូកីឡា អត្តពលិក ដែលត្រូវប្រកួតនៅទីលានផ្សេងៗ ដូចជានៅពហុកីឡដ្ឋានជាតិអូឡាំពិក ឬទីលានមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញនឹងត្រូវរៀបចំឱ្យស្នាក់នៅសណ្ឋាគារ ដែលនៅជិតទីលានប្រកួត ដើម្បីផ្តល់ភាពងាយស្រួល និងកក់ក្តៅជាទីបំផុតជូនដល់ប្រតិភូកីឡាអាស៊ាន។

លោកថា មានសណ្ឋាគារចំនួន ១១កន្លែងផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំជូនអត្តពលិកផ្សេងៗ ដែលមានទីតាំងកៀកទៅនឹងពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ក៏ដូចជាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ជាមួយនឹងការហូបចុកស្នាក់នៅរបស់ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ ដែលកម្ពុជាទទួលដោយឥតគិតថ្លៃ ។

លោក វ៉ាត់ ចំរើន បន្ដថា «ក្រោយទទួលបានការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ក្នុងការមិនយកកម្រៃ សម្រាប់ការហូបចុក-ស្នាក់នៅ របស់ប្រតិភូ អត្តពលិក អាស៊ីអាគ្នេយ៍ទាំងអស់ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងបានផ្សព្វផ្សាយជូនដល់គណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់រួចហើយៗគ្រាន់តែបណ្តាប្រទេសទាំងអស់ទទួលបានដំណឹងស្តីការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ នេះភ្លាមៗ ពួកគាត់បានបង្ហាញក្តីរីករាយជាខ្លាំង ដោយសម្តែងក្តីត្រេកអរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់ផ្ទះកម្ពុជា ដោយបានចាត់ទុកថា កម្ពុជាពិតជាអស្ចារ្យ មានសណ្តានចិត្តល្អ»។

ប្រតិបត្តិករកីឡាកម្ពុជាដដែល បានសង្កត់ធ្ងន់ថា «អ្វីដែលចាប់អារម្មណ៍បំផុត គឺគណៈកម្មាធិការជាតិនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន ជាពិសេសគឺអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវ បានផ្ញើអបអរសាទរ និងកោតសរសើរចំពោះការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជា។ អ្វីដែលយើងកំពុងរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ គឺយើងទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ពីមិត្តអាស៊ានទាំងអស់ ដែលយើងទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត» ។

សូមរំឮកថា ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជានឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាម៉េរិក ក្នុង១ថ្ងៃៗនោះឡើយ។ ប្រតិភូកីឡា អត្តពលិកអាស៊ានទាំងអស់ នឹងទទួលបានការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៊ីហ្គេមកន្លងមក ៕