(ភ្នំពេញ)៖ យុវជន ជា កុកម៉េង បានក្លាយជាបេក្ខាភាពក្រុមសាលាបាល់ទាត់បឹងកេត ត្រៀមចេញទៅចូលរួមប្រកួតពានរង្វាន់យុវជន COPA BELLMARE U11 PILOT INTERNATIONAL TOURNAMENT នៅប្រទេសជប៉ុន ក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមផេកផ្លូវការរបស់ក្លឹបបាល់ទាត់បឹងកេត។

យុវជន ជា កុកម៉េង បានឲ្យដឹងថា មុននឹងក្លាយជាកីឡាយុវជនថ្នាលរបស់ក្លឹបបាល់ទាត់បឹងកេត រូបគេធ្លាប់ហ្វឹកហាត់នៅក្លឹបសូទីឡូអង្គររបស់លោកគ្រូ ហុង ដា រយៈពេល២ឆ្នាំ ក្នុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩ តែដោយសារវិបត្តិកូវីត-១៩ ត្រូវបានបិទខ្ទប់ការពារការរីករាលដាលជំងឺសកលមួយនេះ ធ្វើខកខានហ្វឹកហាត់រយៈពេល២ឆ្នាំ។ ទើបតែក្នុងខែកុម្ភៈ ឆ្នាំ២០២០ កុកម៉េង ក៏បានសម្រេចចូលហ្វឹកហាត់ជាមួយសាលាបាល់ទាត់បឹងកេត មកដល់បច្ចុប្បន្ន ក្តោបបានឪកាសក្លាយយុវជនជម្រើសរបស់ក្លឹបល្បីឈ្មោះមួយនេះ ឈានទៅបង្ហាញខ្លួនលើឆាកអន្តរជាតិ។

យុវជនវ័យ១១ឆ្នាំរូបនេះ បានបញ្ជាក់ថា និមិត្តរូបគឺកីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ឯក្តីស្រម៉ៃចង់លេងឲ្យក្លឹបបឹងកេត និងក្លាយជាកីឡាករជម្រើសជាតិ រីឯក្លឹបនៅក្រៅប្រទេសគឺ Buriram United របស់ប្រទេសថៃ ចំណែក្លឹបនៅអឺរ៉ុប ដូចជា Manchester United។

គួរបញ្ជាក់ថា យុវជន ជា កុកម៉េង មានវ័យ១១ឆ្នាំ មានបងប្អូន២នាក់ ប្អូនប្រុសឈ្មោះ ជា កុកឡេង ក៏ជាយុវជនអាយុក្រោម១១ឆ្នាំ របស់សាលាបាល់ទាត់បឹងកេតផងដែរ។

កុកម៉េង ធ្លាប់ជាកីឡាករក្លឹបសូទីឡូអង្គរ រយៈពេល២ឆ្នាំ មុននឹងចូលរួមជាមួយសាលាបាល់ទាត់បឹងកេត ក្នុងឆ្នាំ២០២០ និងជាសមាជិកជ័យលាភីលេខ៣របស់បឹងកេត នៅពានរង្វាន់យុវជនអាយុក្រោម១៣ឆ្នាំ អបអរថ្ងៃជ័យជម្នះ៧មករា។ ក្នុងឆ្នាំ២០២៣ កុកម៉េង មានឈ្មោះក្នុងក្រុមសាលាបាល់ទាត់បឹងកេត ទៅប្រកួតពានរង្វាន់យុវជននៅប្រទេសជប៉ុន នាខែឧសភាខាងមុខនេះ៕