(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc លោក Elon Musk បាននិយាយថា Tesla នឹងដាក់ដំណើរការបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ឬ Full Self-Driving នៅឆ្នាំនេះហើយ បន្ទាប់ពីពន្យាពេលអស់ជាច្រើនឆ្នាំទាក់ទងនឹងការត្រួតពិនិត្យបទបញ្ញត្តិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

Musk បានឆ្លើយតបនៅក្នុងសន្និសីទតាមរយៈការហៅទូរស័ព្ទថា «ខ្ញុំស្ទាក់ស្ទើរក្នុងការនិយាយរឿងនេះ ប៉ុន្តែខ្ញុំគិតថាយើងនឹងធ្វើវានៅឆ្នាំនេះ» យើងបានខកខានក្នុងការសម្រេចបាននូវសមត្ថភាពបើកបរដោយខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកបានបន្ថែមទៀតថា កំណែសាកល្បងនៃអ្វីដែល Tesla ហៅថា Full Self-Driving (FSD) software នឹងមានជម្រើសពីរសម្រាប់យើងគឺ «ពីរជំហានទៅមុខ មួយជំហានថយក្រោយរវាងការចេញផ្សាយ" ប៉ុន្តែនិន្នាការនេះគឺច្បាស់ណាស់យើងនឹងឆ្ពោះទៅរកការដាក់ចេញដំណើរការបើកបរដោយខ្លួនឯង (FSD) ឆ្ពោះទៅរកស្វ័យភាពពេញលេញ។

ប្រភពពីប្រធានផ្នែកហិរញ្ញវត្ថុរបស់ Tesla លោក Zachary Kirkhorn បាននិយាយថា Tesla នឹងចាប់ផ្តើមកើបប្រាក់ចំណេញមកវិញហើយតាមរយៈការបញ្ចេញរថយន្តដែលមានមុខងារបើកបរដោយស្វ័យប្រវត្តិ FSD ដោយក្រុមហ៊ុនបានខាតបង់ប្រាក់អស់ជាច្រើនក្នុងអំឡុងពេលរង់ចាំមុខងារនេះ ជាពិសេសកាលពីត្រីមាសទី១ កន្លងទៅថ្មីៗដោយសារតែ Tesla បន្ថែមការខាតបង់មួយកម្រិតទៀតគឺការបញ្ចុះតម្លៃរថយន្តស្ទើរតែគ្រប់ម៉ូដែលនៅក្នុងទីផ្សារមួយចំនួន។

គួរជម្រាបដែរថា Tesla នៅមិនទាន់បញ្ជាក់ពីពេលវេលាជាក់ក្នុងការចេញផ្សាយជាផ្លូវការនោះទេតែទំនងជាមកដល់ក្នុងពេលឆាប់ខាងមុខនេះ ខណៈមុខងារបើកបរដោយស្វ័យប្រវត្តិ (Full Self-Driving) ត្រូវបានប្រភពលើកឡើងថា Tesla គ្រោងដាក់លក់ក្នុងតម្លៃ ១៥,០០០ដុល្លារ តម្លៃនៅសហរដ្ឋអាមេរិក៕