​(ភ្នំពេញ)៖ ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ជាអ្នកអភិវឌ្ឍន៍ដ៏ធំ នៅពីក្រោយការអភិវឌ្ឍគម្រោង Bay of Lights ដែលមានទំហំផ្ទៃដីប្រមាណ ៩៣៤ ហិចតា នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងខ្នាតអន្តរជាតិជាលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីរក្សាប្រពៃណីបង្ហោះខ្លែងខ្មែរ ឱ្យបានគង់វង្សជានិរន្តរ៍។

ព្រឹត្តិការណ៍ដែលមានឈ្មោះថា «SkyFest» នេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និងទី៧ ខែឧសភា ដោយរំពឹងថានឹងមានអ្នកចូលរួមលេង និងទស្សនាប្រមាណជាង ១ម៉ឺននាក់នៅ Bay of Lights ដែលជាទីប្រជុំជនក្នុងពេលអនាគត។

​កម្មវិធី «SkyFest» គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលរៀបចំឡើងក្រោមស្មារតីតែមួយ ដើម្បីជួបជុំ និងប្រមូលផ្តុំមហាគ្រួសារខ្មែរ តាមរយៈវប្បធម៌ប្រពៃណី និងការស្នេហាជាតិខ្មែរ ក្រោមប្រធានបទ «ខ្មែរអាចហោះបាន» ដែលជាពាក្យស្លោកបំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យហ៊ានឈោងចាប់ក្តីស្រមៃ និងធើ្វអ្វីដែលលើសពីការរំពឹងទុក។ ដោយមានការសហការរៀបចំដោយក្រុមហ៊ុន Kilat Events Co., Ltd កម្មវិធី «SkyFest» រៀបចំឡើងក្នុងគោលបំណង ដើម្បីរក្សាប្រពៃណីបង្ហោះខ្លែងខ្មែរឱ្យបានគង់វង្សជានិរន្តរ៍។

ព្រឹត្តិការណ៍នេះក៏នឹងអញ្ជើញសិស្សានុសិស្សមកពី ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញឱ្យចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីធ្វើការសិក្សាស្វែងយល់ពីសារៈសំខាន់នៃការលើកតម្កើង និងបំផុសគំនិតឱ្យពួកគេចេះស្រលាញ់វប្បធម៌ប្រពៃណីជាតិ ក៏ដូចជាយល់ដឹងពីការរចនាខ្លែងខ្មែរ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង សម្រាប់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។

អ្នកចូលរួមក្នុងកំឡុងថ្ងៃព្រឹត្តិការណ៍ ក៏អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពីការធ្វើខ្លែងឯក និងអាចនាំយកខ្លែង ដែលរចនាដោយខ្លួនឯង ទៅចូលរួមក្នុងការប្រកួតការធ្វើ និងរចនាខ្លែង ដែលក្នុងនោះប្រាក់រង្វាន់ជ័យលាភីនឹងទទួលបាន ៥០០ ដុល្លារអាមេរិក (សម្រាប់ការចូលរួមរបស់សាធារណៈជន) និង ៣០០ដុល្លារអាមេរិក(សម្រាប់ការចូលរួមរបស់សិស្សានុសិស្ស)។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងកម្មវិធី «SkyFest» ក្រៅពីការបង្ហោះខ្លែងខ្មែរ ក៏មានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី ៨ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗនឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នា។ លើសពីនេះ SkyFest នឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសរៀនធ្វើខ្លែងខ្មែរពីអ្នកជំនាញ ដែលជាបទពិសោធន៍ថ្មីមួយធ្វើឡើងក្រោមពាក្យស្លោក «ខ្មែរអាចហោះបាន»

នៅក្នុងព្រឹត្តិនោះដែរ នឹងមានការតាំងលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើនពេញមួយថ្ងៃ និងមានវត្តមានប្រេនយីហោអាហារ និងភេសជ្ជៈលើសពី ២០ក្នុងថ្ងៃព្រឹត្តិការណ៍។ ក្រៅពីនេះក៏មានការសម្តែងពីក្រុមសៀកដ៏ល្បីល្បាញរបស់កម្ពុជាគឺ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ដែលនឹងធ្វើការសម្តែងក្រោមប្រធានបទ «ខ្មែរអាចហោះបាន»។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះនឹងមានការសម្តែងសិល្បៈចម្លាក់ខ្សាច់ខ្មែរជាលើកដំបូង រួមទាំងការសម្តែងស្គីទឹកដោយក្រុម jetski កម្ពុជា និងមានការប្រគុំតន្រ្តីពីសិល្បករល្បីៗ ដូចជា កញ្ញា ទេព បូព្រឹក្ស លោក ស៊ូ លីផេង លោក ម៉ម ពេជ្ជរិទ្ធ តារាចម្រៀងស្រី Intan Andriana និងអមជាមួយនឹងការចាក់ភ្លេងរាំកម្សាន្តពី DJ Vutha DJ Maily និង DJ Chill Bill ទៀតផង។

កុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ និងទទួលបានបទពិសោធន៍ថ្មីជាមួយ SkyFest ទាំងអស់គ្នា! សំបុត្រអាចរកជាវបានតាមរយៈកម្មវិធីទូរស័ព្ទដៃ LIVE របស់ Wonderpass ជាមួយនឹងតម្លៃ ២,៥ ដុល្លារក្នុងមួយថ្ងៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Bay Of Lights នៅទីនេះ ឬទាក់ទងទៅកាន់តេលេក្រាមក្រុមការងារតាមតំណភ្ជាប់ https://t.me/bayoflights​៕