(ភ្នំពេញ)៖ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងបន្ដរៀបចំពិធីដង្ហែនៅទីក្រុងយ៉ាំងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២១ ខែមេសាស្អែកនេះ ដោយគ្រោងនឹងមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណជាង ១ពាន់នាក់ ចូលរួមអបអរសាទរ និងដង្ហែ ។

មុនពិធីដង្ហែធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC និងលោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួបប្រជុំពិភាក្សាជាមួយលោក Khun Jar Aung សហអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា ដើម្បីត្រៀមរៀបចំពិធីដង្ហែស្អែកនេះឲ្យទទួលបានជោគជ័យ។

បេសកជនពិសេសខាងលើ បានបញ្ជាក់ថា ពិធីដង្ហែស្អែកនេះ គ្រោងនឹងមានអ្នកចូលរួមប្រមាណ ១,៣០០នាក់ ក្នុងនោះនឹងបែងចែកអ្នករត់ដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផង និងអ្នកឈរអមផ្លូវអបអរសាទរពិធីដង្ហែដ៏មានអត្ថន័យនេះផង។ ចំពោះពិធីដង្ហែនឹងចាប់ផ្ដើមចេញដំណើរ និងបញ្ចប់នៅនិវេសនដ្ឋានស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងយ៉ាំងហ្គូន គ្រាដែលអាជ្ញាធរមីយ៉ាន់ម៉ា នឹងធ្វើការបិទផ្លូវ ដើម្បីសម្រួលចរាចរណ៍ដល់ពិធីដង្ហែព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នេះទៀតផងដែរ។

សូមបញ្ជាក់ថា ការដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់នេះ ធ្វើឡើងក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ មុនចាកចេញពីកម្ពុជា ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន កាលពីថ្ងៃទី២២ ខែមេសា ហើយពេលនេះបានដង្ហែឆ្លងកាត់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងថៃរួចហើយ មុនបន្ដដំណើរទៅដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ខណៈប្រទេសឡាវ គឺជាប្រទេសត្រូវដង្ហែព្រះអគ្គិជ័យកីឡាក្រោយគេមុនពិធីដង្ហែចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខេមេសាខាងមុខ៕