(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បន្តទទួលបានដៃគូចូលរួមឧបត្ថម្ភផ្នែកសេវ៉ាអ៊ីនធើណេត ពីក្រុមហ៊ុនសេវ៉ា EZECOM ដែលនេះជាការរួមចំណែកជួយគ្នាទៅវិញទៅមករវាងវិស័យឯកជន ជាមួយគណៈកម្មការជាតិរៀបចំការប្រកួតស៊ីហ្គេម CAMSOC, នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹង ក្រោយពេលចុះ MOU នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន ថ្លែងក្រោយចុះ MOU បានគូបញ្ជាក់ថា ការទទួលបានដៃគូឧបត្ថម្ភពីក្រុមហ៊ុនអ៊ីនធើណេត EZECOM នេះ គឺជាការរួមចំណែកបម្រើការនៃសេវ៉ាអ៊ីនធើណេត ដោយនឹងផ្តល់ភាពងាយស្រួលទៅដល់ការទំនាក់ទំនង ដែលការប្រកួតមានការរៀបចំការប្រើប្រាស់ផ្នែកបច្ចេកវិទ្យាច្រើន ដែលតម្រូវការមានកម្រិតសេវាអ៊ីនធើណេតមួយមានគុណភាព ហើយខ្លាំង ដើម្បីធ្វើការឲ្យមានប្រសិទ្ធិភាព។

លោកបន្តថា សម្រាប់ការចុះហត្ថលេខាទទួលយកនៅដៃគូឧបត្ថម្ភជាមួយ EZECOM គឺជាតម្រូវការចាំបាច់នៃប្រព័ន្ធអ៊ីនធើណេតទាំងអស់ ដែលក្រុមហ៊ុន EZECOM មានជាខ្សែកាបដែលមានគុណភាពល្អ ក្នុងការផ្សព្វផ្សាយ ព្រោះការផ្សាយបន្តផ្ទាល់ត្រូវការអ៊ីនធើណេត ដែលមានសុវត្តិភាពល្អ កម្លាំងខ្លាំង ដែលនេះជាការធ្វើគុណភាពនៃការរៀបចំព្រឹត្តិការណ៍កាន់តែមានតម្លៃ ហើយកាន់តែដំណើរការណ៍នៃការរៀបចំឲ្យមានតម្លៃខ្ពស់។

ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់ដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៥-១៧ ខែឧសភា ហើយការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕