(បរទេស)៖ រោងមហោស្រព Bolshoi នៅទីក្រុងមូស្គូ បានសម្រេចលុបចោលរបាំបាឡេសហសម័យ របស់អ្នករាំជនជាតិរុស្សី Rudolf Nureyev ពីការសម្តែងក្នុងទីតាំងរបស់ខ្លួន បន្ទាប់ពីមើលឃើញថា របាំនេះហាក់ឃោសនាពីការស្រឡាញ់ភេទដូចគ្នា (LGBT)។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ច្បាប់ហាមឃាត់អ្នកស្រឡាញ់ភេទដូចគ្នា ដែលបានអនុម័តកាលពីខែវិច្ឆិកានោះ ត្រូវបានគេដឹងថា មិនត្រឹមតែពង្រីកការហាមឃាត់ដែលមានស្រាប់លើសម្ភារៈ ដែលត្រូវបានចាត់ទុកថា ដើម្បីលើកកម្ពស់របៀបរស់នៅ របស់អ្នកស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់កំហិតលើ «ការបង្ហាញ» នៃឥរិយាបទ LGBT ផងដែរ។ ប្រការនេះ បានឲ្យការបង្ហាញពីការស្រឡាញ់ភេទដូចគ្នា ដូចជាទំនាក់ទំនងរបស់អ្នករាំរបាំលោក Nureyev ជាមួយបុរស ស្ទើរតែមិនអាចទៅរួចទេ។

របាំបាឡេដែលរៀបចំឡើង ដោយអ្នកនិពន្ធល្បីរបស់រុស្ស៉ីលោក Kirill Serebrennikov ត្រូវបានគេដឹងថា ធ្លាប់មានបញ្ហានៅក្នុងប្រទេសរុស្ស៊ី។ បានចាក់បញ្ចាំងលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០១៧ ប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌សម័យនោះ ត្រូវបានគេរាយការណ៍ថា បានហៅរបាំនេះថា «ជាការឃោសនាមនុស្សស្រឡាញ់ភេទដូចគ្នា» ហើយរបាំនេះមិនត្រូវបានសម្តែងតាំងពីឆ្នាំ២០១៨ រហូតមក។ ការសម្តែងដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២២ ត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីលោក Serebrennikov បានស្តីបន្ទោសជាសាធារណៈចំពោះប្រទេសរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន។

Serebrennikov ជាអ្នកដឹកនាំភាពយន្ត, ល្ខោន និងទូរទស្សន៍ ឈានមុខគេមួយរូបរបស់រុស្ស៊ី ហើយលោកក៏ជាអ្នកតុបតែឆាកផងដែរ។ ពាក់ព័ន្ធនឹងច្បាប់ហាមឃាត់អ្នកស្រឡាញ់ភេទដូចគ្នា លោកបានសរសេរនៅលើ Channel Telegram ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ច្បាប់ព្រហ្មទណ្ឌនេះ ត្រូវបានអនុម័តជាពិសេសប្រឆាំងនឹងការបង្ហាញនេះ និងប្រឆាំងនឹងសៀវភៅជាច្រើន... យល់ព្រម»

អ្នកនិពន្ធដ៏ល្បីម្នាក់នេះ ត្រូវបានរាយការណ៍ថា បានប្រព្រឹត្តិកំហុសជាមួយអាជ្ញាធររុស្ស៉ី។ លោកត្រូវបានឃុំខ្លួនក្នុងឆ្នាំ២០១៧ ហើយត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជិត ២ឆ្នាំ ដោយសារកំហឹងនៃការបង្កើតវប្បធម៌សេរីរបស់រុស្ស៊ី មុនពេលត្រូវបានព្យួរទោសនៅឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ «កេងប្រវ័ញ្ចប្រាក់ឧបត្ថម្ភរដ្ឋ» បន្ទាប់ពីលោកបានសងប្រាក់នោះវិញ ការកាត់ទោសត្រូវបានលុបចោលកាលពីឆ្នាំមុន៕