(កូរ៉េ)៖ តារាចម្រៀង K-pop Moonbin ដែលជាសមាជិកក្រុមចម្រៀង Astro បានទទួលមរណភាពក្នុងវ័យ២៥ឆ្នាំ ខណៈផលិតកម្មតន្ត្រីរបស់លោក និងប៉ូលីសកូរ៉េខាងត្បូង ទើបតែបញ្ចេញព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ជុំវិញការស្លាប់របស់តារារូបនេះ និងបានធ្វើឲ្យអ្នកគាំទ្រតក់ស្លុតជាខ្លាំង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យទីភ្នាក់ងារប៉ូលិសជាតិ បានប្រាប់ AFP ថា តារាចម្រៀងវ័យ ២៥ឆ្នាំ លោក Moonbin ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់លោក នៅភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ។ យ៉ាងណាមិញ បើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង ដែលដកស្រង់សម្តីមន្ត្រីប៉ូលិសសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា អាជ្ញាធរជឿថា ការស្លាប់របស់លោក Moonbin គឺជាករណីធ្វើអត្តឃាតជាក់ស្តែង។

ផលិតកម្ម Fantagio Music ដែលជាទ្រនំរបស់តារាប្រុស Moonbin ផ្ទាល់ក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍នេះ ដែលបញ្ជាក់ពីការស្លាប់របស់ Moonbin ប៉ុន្តែមិនបង្ហាញពីមូលហេតុនោះទេ។

ជាមួយគ្នានោះ ទោះបីជាពុំមែនជា Idol របស់ខ្លួន ប៉ុន្តែក្រោយព័ត៌មាន នៃមរណភាពរបស់តារាប្រុសរូបនេះ ផ្សព្វផ្សាយពាសពេញអ៊ីនធើណិត ក៏ឃើញមានអ្នកគាំទ្រជាច្រើនក្នុងពិភព K-Pop សម្ដែងការកាន់ទុក្ខ និងសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់មួយនេះ៕