(ម៉ាឌ្រីដ)៖ ខ្សែបម្រើស្លាប Jaoquin ដែលជាកីឡាករនិម្មិតរបស់ក្លិបក្នុងស្រុក Real Betis បានប្រកាសពីការសម្រេចចិត្តព្យួរស្បែកជើងបាល់ទាត់របស់លោកហើយ នៅក្រោយពេលបញ្ចប់រដូវកាលឆ្នាំ២០២២-២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា។

បុរសវ័យ ៤១ឆ្នាំខាងលើនេះ បច្ចុប្បន្នបានចូលរួមលេងឲ្យ Betis ជាលើកទី២ ដ្បិតជាអតីតកីឡាករចេញពីថ្នាលយុវជននៃក្លិបនេះដែរកាលពីឆ្នាំ២០០០ នោះ ដែលបានជួយសមាជិកលេងនៅ La Liga មួយនេះឈ្នះពានកម្រិតទី២ អេស្ប៉ាញ Copa del Rey បាន ២ដងផងដែរ ពោលគឺនៅឆ្នាំ២០០៥ និងឆ្នាំ២០២២។

Joaquin បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំចង់និយាយថា ពេលវេលារបស់ខ្ញុំបានមកដល់ ហើយ។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា នេះជារដូវកាលចុងក្រោយសម្រាប់ខ្ញុំ ក្នុងការលេងឲ្យ Real Betis ក៏ប៉ុន្តែនេះពុំមែនជាពេលលាគ្នារហូតនោះទេ គឺខ្ញុំនៅតែធ្វើកិច្ចការណាមួយក្នុងក្លិបនេះដដែល ព្រោះ Betis ជាជីវិតរបស់ខ្ញុំ»

ជារួម Joaquin បានចូលលេងឲ្យ Real Betis បានចំនួន ៥២១ប្រកួត និងស៊ុតចូលបញ្ចូលទីបាន ៦៨គ្រាប់ផងដែរ ស្របពេលបេសកកម្មជាមួយក្លិបនៅសល់ ៩ប្រកួតទៀតនៃលីគកំពូលអេស្ប៉ាញ La Liga មុនបិទរដូវកាលដ៏ពេញលេញ៕