(ម៉ូនិច)៖ Manchester City បានឡើងទៅប៉ះក្រុមការពារតំណែងជើងឯក Real Madrid សម្រាប់វគ្គ ៤ក្រុមចុងក្រោយជាបន្តទៀតនៃពានរង្វាន់អឺរ៉ុប UEFA Champions League ដ្បិតពួកគេធ្លាប់ចាញ់ម្តងហើយពីក្នុងវគ្គនេះដែរនារដូវកាលមុន។

ក្រុមជើងឯកអង់គ្លេស Man City ដែលដឹកនាំដោយលោក Pep Guardiola នោះបានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះជាលើកទី៣ បើទោះបីជាពុំធ្លាប់ឈ្នះពានធំនេះម្តងណាក៏ដោយ បានត្រឹមរងជើងឯកម្តងកាលឆ្នាំ២០២១ ក្រោយចាញ់ក្រុមរួមលីគអង់គ្លេសដូចគ្នា គឺតោខៀវ Chelsea ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ក្រុមមេឃខៀវមួយនេះ បានក្លាយជាក្លិបអង់គ្លេសតែមួយគត់ដែលបានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL នារដូវកាលឆ្នាំ២០២២-២០២៣ ដែលកំពុងកាន់កំណត់ត្រាលេង ១៥ប្រកួតមិនចាញ់ឡើយ ពោលគឺក្រោយពេលបរាជ័យក្រោមថ្វីជើង Tottenham Hotspur នាថ្ងៃទី០៥ ខែកុម្ភៈក្នុងលីគរួចមក។

នៅចាំបានថា City បានចាញ់ក្រុមម្ចាស់ជើងឯក Real Madrid ក្នុងលទ្ធផល ៦-៥ ទាំងពីរជើងនៃវគ្គ ៤ក្រុមនេះដែរនារដូវកាលមុន នៅពេលពួកគេបានឈ្នះ ៤-៣ សម្រាប់ជើងទី១ នៅកីឡដ្ឋាន Etihad។

គួរបញ្ជាក់ផងថា Man City បានឈានដល់វគ្គជ្រៅបែបនេះ ក្រោយពេលទម្លាក់គូប្រជែង Bayern Munich ក្នុងលទ្ធផល ៤ទល់នឹង១ ទាំងពីរជើងនៃវគ្គ ៨ក្រុមចុងក្រោយ ដ្បិតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅទឹកដីអាល្លឺម៉ង់ ដើម្បីបញ្ចប់ជើងទី២ នាយប់មិញនេះ គ្រាដែល Inter Milan ត្រូវឡើងទៅប៉ះ AC Milan បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ ទល់នឹង Benfica ដ្បិតជើងទី១ Inter ឈ្នះ ២ទល់នឹង០ នៅទឹកដីប្រទេសព័រទុយហ្គាល់៕