(មេនឆេស្ទឺ)៖ ក្លិប Manchester United បានស្វាគមន៍កីឡាករ Marcus Rashford វិលត្រឡប់ចូលក្នុងក្រុមវិញ សម្រាប់ការធ្វើដំណើររបស់ពួកគេ ទៅជួបនឹងក្រុម Sevilla ក្នុងក្របខណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ជាបណ្តោះអាសន្ន Rashford ដែលបានរកគ្រាប់បាល់ ២៨គ្រាប់ ក្នុងរដូវកាលនេះនោះ, បានមានបញ្ហាក្រលៀន ក្នុងការប្រកួតឈ្នះ ២-០ របស់ Man United លើក្រុម Everton នៅឯកីឡដ្ឋាន Old Trafford កាលពីថ្ងៃទី៨ ខែមេសា។

កីឡាករលំដាប់អន្តរជាតិអង់គ្លេសរូបនេះ បានខកខានការប្រកួតលទ្ធផលស្មើ ២-២ កាលពីសប្តាហ៍មុន ជាមួយនឹងក្រុម Sevilla ក្នុងការប្រកួតជើងដំបូង នៃវគ្គ៨ក្រុមចុងក្រោយ Europa League ព្រមទាំងការប្រកួតឈ្នះ២-០ របស់ Man United លើក្រុម Nottingham Forest ក្នុងលីគ Premier League កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

យ៉ាងណាមិញ, Rashford នឹងធ្វើដំណើរទៅកាន់អេស្ប៉ាញ សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃព្រហស្បតិ៍ នាកីឡដ្ឋាន Ramon Sanchez Pizjuan, ជាមួយនឹងកីឡាករ Luke Shaw ក៏បានវិលត្រឡប់ពីរបួសវិញផងដែរ បន្ទាប់ពីមិនបានបង្ហាញខ្លួនលេង ចាប់តាំងពីថ្ងៃទី២ ខែមេសាមក។

ដោយឡែក កីឡាករ Bruno Fernandes នឹងមិនមានវត្តមាននោះទេ សម្រាប់ក្រុមរបស់លោក Erik ten Hag ដោយសារការព្យួរ ខណៈកីឡាករ Scott McTominay ក៏នឹងមិនមានវត្តមានដែរ៕