(ភ្នំពេញ)៖ ភាពយន្តខ្នាតធំដែលជាស្នាដៃថ្មីពីអ្នកដឹកនាំរឿង «លោកបងណាក់» មានចំណងជើងថា «ខ្មោចអ្នកតាកាច់» ជាប្រភេទភាពយន្តបែបភ័យរន្ធត់ ព្រឺព្រួច តក់ស្លុត មន្តអាគម បានប្រកាស បញ្ចាំងជាផ្លូវការហើយនៅកម្ពុជា។ មហាជនដែលជាអ្នកនិយមចូលចិត្ត វិស័យភាពយន្ត បានបង្ហាញអារម្មណ៍រំភើប និងក្តីសប្បាយរីករាយ នៅពេលបានចូលរួមទស្សនាភាពយន្តដ៏រន្ធត់នេះ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដោយម្នាក់ៗស្រែកឡើងប្រហោងពោះ នៅពេលបានទស្សនា។

ទាក់ទងនឹងដំណើរដើមទងនៃសាច់រឿង ត្រូវបានតំណាងរោងភាពយន្ត Major ថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ភាពយន្តរន្ធត់បែបមន្តអាគមខ្មៅងងឹតនេះ បានតំណាលពីប្រជាជន ដែលរស់នៅភូមិដាច់ស្រយាលមួយ នៅលើកោះ ដុនស៊ីងថាម មានជំនឿខ្លាំងទៅលើភាពសាកសិទ្ធិនៃរូបសំណាក។ នៅពេល ដែលមានអ្នកស្លាប់ ពួកគេធ្វើពិធីដ៏ចម្លែកនឹងគួរឲ្យខ្លាចមួយ ដោយយកកំទេចផេះ ឬឆ្អឹងរបស់សាកសពដែលបូជានោះ ទៅរក្សាទុកនៅក្នុងរូបសូន្យ ដើម្បីទុកធ្វើការគោរព ដោយអ្នកស្រុកទាំងឡាយរួមទាំងព្រះសង្ឃផងដែរ។

រូបសំណាកមានច្រើនបែប ច្រើនប្រភេទ ច្រើនសណ្ឋាន ដែលវាជាគ្រឿង ស័ក្តិសិទ្ធមួយប្រភេទដែលមានតាំងពីសម័យព្រះពុទ្ធ ជាវត្ថុដ៏ពិសិដ្ឋ ក៏ដូចជាវត្ថុដ៏គួរឲ្យភ័យខ្លាច រូបសូន្យនេះត្រូវបានចារមន្តគាថាមន្តអាគមងងឹត ខ្លះត្រូវប្រើប្រាស់ដើម្បីការពារ ខ្លះប្រើដើម្បីបំផ្លាញ។

តំណាងដដែលបានបន្តឲ្យដឹងថា តួប្រុសឈ្មោះ ថាម បានមកតាមរកបងប្រុសរបស់ខ្លួនឈ្មោះ ធី ដើម្បីផ្ដល់ដំណឹងនៃការស្លាប់របស់ឪពុកម្ដាយរបស់ពួកគេ។ ធី បានបួសជាលោកសង្ឃ គង់ចាំនៅវត្តមួយនៅលើកោះ ដុនស៊ីងថាម។ ពេលមកដល់ Tham ជួបនឹង ជេត ដែលជាចៅប្រុសរបស់អតីតអាចារ្យវត្ត។

ប្រភពដដែលបន្តថា តួប្រុស ជេត មានមន្តវិជ្ជាចេះសូន្យរូបសំណាក ដើម្បីជាការនឹករឭកទៅដល់អ្នកដែលបានចែកឋានទៅ។ ថាម បានដឹងពាក្យចចាមអារ៉ាម ទាក់ទងនឹងការបាត់ខ្លួនរបស់ធី ដោយសារគេបានធ្វើឃាតអាចារ្យវត្ត។ ប៉ុន្ដែ ថាម មិនជឿថាវាជាការពិតទេ ព្រោះលោកមិនជឿលើសាសនាចម្លែក ដែលអ្នកភូមិគោរព រូបសំណាកនោះឡើយ។ រហូតដល់មានរឿងអកុសលកើតឡើងក្នុងភូមិ ពេលនារីវ័យក្មេងម្នាក់បានបាត់ខ្លួន មានមនុស្សស្លាប់ ហើយអាក្រក់បំផុតនោះ គឺរូបសំណាកដែលអ្នកភូមិគោរពត្រូវបំផ្លាញចោល។ អ្នកភូមិខឹងសម្បារយ៉ាងខ្លាំង នឹងបាននាំគ្នាដាក់បណ្តាសា និងតាមចាប់ជនដែលបង្កឲ្យមានហេតុភេទនៅក្នុងភូមិ។

បើហ៊ានប្រមាថនឹងជំនឿអរូបី ប្រជែងចង់ឈ្នះនឹងការគោរបូជា ត្រូវតែហ៊ានប្រឈមមុខនឹងអ្វីដែលមើលមិនឃើញ! កុំភ្លេចណា! ភាពយន្តថៃខ្នាតធំរឿង «ខ្មោចអ្នកតាកាច់» មានបញ្ចាំងពីចាប់ពីថ្ងៃទី ២០ ខែមេសា​ ឆ្នាំ២០២៣នេះតទៅ ក្នុងរោងភាពយន្ត Major Cineplex by smart៕