(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃដ៏ល្បីមួយឈ្មោះថា Thairath ដែលមាន មានអ្នកតាម (Followers) ១៦លាននាក់ បានយកវីដេអូបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» «Cambodia Pride» របស់ផលិតកម្ម Galaxy Navatra ទៅចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុក ដោយមានអ្នកចូលទស្សនារហូតដល់ទៅ ៣លានដង។

បទចម្រៀងដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ នេះពិតជាមិនធម្មតាមែន ដោយចាប់តាំងពីចេញជាវីដេអូខ្លីៗ រហូតដល់ចេញ Full MV គឺទទួលបានគាំទ្រខ្លាំងមែនទែនពីសំណាក់មហាជន។ មិនតែប៉ុណ្ណោះបទចម្រៀងនេះ ល្បីរន្ទឺរហូតដល់សារព័ត៌មានបរទេស Youtuber ល្បីៗក្រៅស្រុក យកទៅចុះផ្សាយហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់។ ភាពអស្ចារ្យនៃបទចម្រៀងមួយបទនេះ បានធ្វើឱ្យបរទេសស្គាល់ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។

យ៉ាងណាមិញបន្ទាប់ពី សារព័ត៌មាន Thairath បានចុះផ្សាយ មិនបង្អង់យូរអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការស៊ែរបន្តហើយសម្ដែងការអរគុណចំពោះសារព័ត៌មានមួយនេះ ដែលបានចុះផ្សាយបទចម្រៀងរបស់ខ្មែរ។

ក្នុងនោះផងដែរ អ្នកឧកញ៉ា បានលើកឡើងថា៖ «កម្ពុជារីកចម្រើនលឿនខ្លាំង ដែលធ្វើឲ្យបរទេស ជាពិសេសប្រជាជននៅតំបន់អាស៉ីភ្ញាក់ផ្អើល។ បទនេះកក្រើកនៅអាស៉ី គ្រប់គ្នាភ្ញាក់ផ្អើលនិងការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា។ ប្រទេសផ្សេងអាចធ្វើបានកម្ពុជាក៏អាចធ្វើបានសិល្បៈកម្ពុជា រីកចម្រើនក្នុងសម័យសន្តិភាព រយៈពេល ៨ថ្ងៃនេះអ្នកទស្សនាជិត ៥០លានដង។

គួរបញ្ជាក់ផងដែរថា បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតឡើងសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍ជាលើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣នេះ។ បទចម្រៀងនេះ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ លោក ហ៊ឹម នភា អ្នកនិពន្ធឆ្នើម លោក ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់។

បទនេះ ត្រូវបានបកស្រាយរួមគ្នាពីកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ដោយមាននារីរាំអមជិត ១ពាន់នាក់អម៕

១៖ តំណរភ្ជាប់គេហទំព័រថៃ Thairath៖ https://fb.watch/j-laDRDzRq/?mibextid=unz460

២៖ តំណរភ្ជាប់យូធូប cam pop galaxy navatra៖ https://youtu.be/7uQTdlx1K60