(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Streaming ដ៏ល្បី Netflix Inc សម្រេចបិទអាជីវកម្ម DVD.com របស់ខ្លួនជាផ្លូវចាប់ពីចុងឆ្នាំ២០២៣ នេះតទៅបន្ទាប់ពីបើកដំណើរការអស់រយៈពេលជិត ២៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

តាមរយៈការបង្ហោះនៅលើគណនីផ្លូវការរបស់ Netflix ថ្ងៃអង្គារម្សិលមិញនេះបានឱ្យដឹងថា អាជីវកម្មជួល DVD ដែលខ្ចប់ស្រោមសំបុត្រពណ៌ក្រហមនិងមានរូបតំណាងក្រុមហ៊ុន Netflix កំពុងបិទបណ្តើរៗហើយក្រោយអាជីវកម្មនេះបន្តធ្លាក់ចុះជាបន្តបន្ទាប់ និងបាត់បង់ប្រជាប្រិយភាព។ Netflix បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអាចនឹងបន្តដឹកជញ្ជូន DVD នេះដល់អ្នកប្រើប្រាស់ត្រឹមថ្ងៃ២៩ ខែកញ្ញា ខាងមុខនេះ ដូច្នេះទំនងជាចាប់ពីខែតុលា ទៅនឹងលែងមាន DVD ទៅដល់ប្រអប់ Mail អតិថិជនទៀតហើយ។

ពាណិជ្ជករជនជាតិអាមេរិកលោក Ted Sarandos និងជាសហនាយកប្រតិបត្តិក្រុមហ៊ុន Netflix បាននិយាយថា សេវាកម្ម DVD បានមកដល់«រដូវកាលចុងក្រោយ»ហើយ ក្រោយអ្នកប្រើប្រាស់ជាច្រើនបានផ្លាស់ប្តូររបៀបទស្សនារបស់ពួកគេដែលភ្ជាប់ទៅកាន់អ៊ីនធឺណិតជំនួសវិញដែលវាមានលក្ខណៈងាយស្រួល ចំណាយតិច និងរហ័សជាងការប្រើប្រាស់ DVD ដោយត្រូវរង់ចាំការដឹកជញ្ជូនយូរ និងត្រូវមានឧបករណ៍សម្រាប់ចាក់ DVD បន្ថែមទៀតក្រៅតែពីទូរទ្សន៍។

គួរជម្រាបដែរថា Netflix នឹងបញ្ចប់អាជីវកម្ម DVD នេះទូទាំងពិភពលោកនៅចុងឆ្នាំនេះ ប៉ុន្តែបើជាក់ស្តែងមានតែបណ្តាប្រទេសមួយចំនួនប៉ុណ្ណោះដែលនៅប្រើ DVD ដែលវាមានកម្រិតច្បាស់ជាងការទស្សនាតាមរយៈអ៊ីនធឺណិត ខណៈប្រទេសកម្ពុជាយើងបញ្ចប់ការប្រើប្រាស់ DVD បែបនេះជាយូរមកហើយ៕