(អាមេរិក)៖ អ្នកគាំទ្រជាច្រើន ត្រូវបានរាយការណ៍មកថា បាននាំគ្នាមកគេងចាំតម្រង់ជួរ តាំងពីម៉ោង១២ពាក់កណ្ដាលអាធ្រាត្រ ដើម្បីចូលទិញទំនិញ ពីហាងលក់វត្ថុអនុវស្សាវរីយ៍ពីក្រុម BTS ដែលមានទីតាំងនៅផ្សារទំនើប Hudson Yards ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីបានចាប់យកទំនិញកម្រ និងពិសេសៗពី BTS ដំបូងគេ។

ហាង «BTS Pop-Up Store» ដំបូងគេនៅក្នុងសហរដ្ឋអាមេរិក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកគាំទ្រ BTS ខណៈហាងនេះ មានលក់ទំនិញផ្លូវការជាច្រើន ដូចជាសម្លៀកបំពាក់ គ្រឿងអលង្ការតូចៗ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតដែលពាក់ព័ន្ធ និងធ្លាប់ត្រូវបានប្រើប្រាស់ដោយសមាជិកក្រុម BTS។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

បើតាមសំដីរបស់ជំនួយការអ្នកគ្រប់គ្រងហាងម្នាក់ឈ្មោះ Stephanie Cho បាននិយាយយ៉ាងដូច្នេះថា «មនុស្សច្រើននាក់បានចាប់ផ្តើមមកតម្រង់ជួរតាំងពីម៉ោង ១២ យប់ ដែលជាពេលយើងអនុញ្ញាតឲ្យមនុស្សមកតម្រង់ជួរ...»។ អ្នកគាំទ្រ BTS ម្នាក់ក្នុងចំណោមអ្នកដែលតម្រង់ជួរនោះ បាននិយាយថា «ពិតជាឡូយណាស់។ តាមពិតទៅ ពិតជាល្អណាស់ ដែលបានឃើញទំនិញដោយផ្ទាល់ ព្រោះជាធម្មតាខ្ញុំគ្រាន់តែឃើញវាតាមអ៊ីនធឺណិត ឬក្នុងកម្មវិធីប្រគំតន្ត្រីប៉ុណ្ណោះ»

គួរជម្រាបថា ហាងលក់ទំនិញ BTS ខាងលើនេះ​គឺ បន្តបើករហូតដល់ខែមិថុនា។ BTS បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០១៣ ហើយក៏បានក្លាយជាទីចាប់អារម្មណ៍ទូទាំងពិភពលោក ជាមួយនឹងបទចម្រៀងពេញនិយម និងយុទ្ធនាការសង្គមដែលមានគោលបំណងពង្រឹងស្មារតីដល់យុវជន។ ក្រុមនេះបានឈ្នះពានសិល្បករឆ្នើមប្រចាំឆ្នាំនៅកម្មវិធី «American Music Awards» ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ២០១៩ ទស្សនាវដ្តី Forbes បានប្រកាសថា ពួកគេជាក្រុមចម្រៀងបុរសមានចំណូលខ្ពស់បំផុតលើពិភពលោក ខណៈរកចំណូលមុនកាត់ពន្ធបាន ៥៧លានដុល្លារ៕