(ភ្នំពេញ)៖ ព្រះអគ្គិជ័យកីឡា ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC បានធ្វើដំណើរដល់ទីក្រុងយ៉ាំងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ( Republic of the Union of Myanmar) នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ ក្រោយទទួលបានជោគជ័យក្នុងពិធីដង្ហែនៅទីក្រុងបាងកក ប្រទេសថៃ កាលពីដើមសប្ដាហ៍កន្លងទៅ ។

ដំណើរដល់អាកាសយានដ្ឋានអន្ដរជាតិយ៉ាំងហ្គូននេះ ទទួលបានការស្វាគមន៍ដោយផ្ទាល់ពីលោក U Htay Aung អភិបាលខេត្តយ៉ាងហ្គូន ព្រមទាំងមន្ដ្រីកីឡាមីយ៉ាន់ម៉ា និងលោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រួមជាមួយមន្ដ្រីទូតជាច្រើនផងដែរ មុនពិធីដង្ហែនាថ្ងៃទី២១ ខែមេសាចុងសប្ដាហ៍នេះ ។

សូមបញ្ជាក់ថា ការដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់នេះ ធ្វើឡើងក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។

ចំពោះពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយផ្ដើមពីប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងថៃ ដែលទទួលបានជោគជ័យជាបន្ដបន្ទាប់ ក្នុងពិធីដង្ហែកាលពីថ្មីៗ មុនបន្ដដំណើរទៅមីយ៉ាន់ម៉ា ខណៈឡាវ គឺប្រទេសត្រូវដង្ហែព្រះអគ្គិជ័យកីឡាក្រោយគេ មុនដង្ហែចូលកម្ពុជាវិញ តាមច្រកព្រំដែនអន្ដរជាតិខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខេមេសាខាងមុខ ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គិអាទិទេពកីឡា នៅតាមបណ្ដាប្រទេសតំបន់ គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ។

ជាមួយពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសអ្នករត់នៅតាមបណ្ដាប្រទេសត្រូវព្រះអគ្គីអាទិទេពកីឡាឆ្លងកាត់ សូមចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

លោកបានគូសបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គីជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ»