(ភ្នំពេញ)៖ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានមោទនភាពចែករំលែកភាពរីករាយ ដែលទទួលបានមេដាយមាសដល់ទៅចំនួន៥ បញ្ជាក់ពីរសជាតិ និងគុណភាពដ៏ល្អប្រណិតពីកម្មវិធី Monde Selection Awards ប្រចាំឆ្នាំ ២០២៣ ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

ផលិតផលរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលទទួលបានមេដាយមាសនាពេលថ្មីៗសម្រាប់ឆ្នាំ ២០២៣ មានដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ បៃតង និងភេសជ្ជៈវី-អាកទីវ ក្រហម។

ផលិតផលទាំងនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ជាច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងភេសជ្ជៈជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុតទៅលើរសជាតិ គុណភាព និងការរចនា មុននឹងត្រូវបានទទួលស្គាល់ និងផ្តល់ជូននូវជ័យលាភី។

នេះគឺជាសមិទ្ធផលថ្មីសម្រាប់ឆ្នាំថ្មី បង្ហាញពីកិត្យានុភាពដ៏អស្ចា្យរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែគិតពីកត្តាគុណភាពជាចម្បង ដែលផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកទេស ដំណើរការផលិតកម្ម ដើម្បីចម្រាញ់បានភេសជ្ជៈ និងស្រាបៀរប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានថ្លែងថា «សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺវាកើតចេញពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការផ្ចិតផ្ចង់ ក្នុងការផលិត នូវភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈកីឡា និងស្រាបៀរដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។ នេះក៏ជាមោទនភាពថ្មីរបស់ វឌ្ឍនៈ ប៊្រូវើរី ហើយយើងខ្ញុំសូមចែករំលែក ភាពសប្បាយរីករាយ និងការអបអរសាទរចំពោះភាពជោគជ័យមួយនេះ ជាមួយនឹងប្រជាជនខ្មែរយើងទាំងអស់គ្នា»

គួរបញ្ជាក់ផងដែរថា ផលិតផលទាំងអស់របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ផលិតឡើងយ៉ាងសម្រិតសម្រាំងជាមួយរសជាតិ និងគុណភាពដែលសុទ្ធសឹងតែទទួលស្គាល់ជាអន្តរជាតិ ហើយបានឈ្នះពានរង្វាន់លំដាប់ពិភពលោកដូចជា ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ បានឈ្នះមេដាយមាសពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection នៅឆ្នាំ ២០២២។

ស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោកឆ្នាំ ២០២២ សម្រាប់ជ័យលាភីមាស និងជ័យលាភីស្រាបៀរទឹកខ្មៅ ប្រចាំប្រទេសកម្ពុជា ពីចក្រភពអង់គ្លេស។ កាន់តែអស្ចារ្យ នៅឆ្នាំ ២០២៣ យើងទទួលបានមេដាយមាសដល់ទៅចំនួនប្រាំបន្ថែមទៀត ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection សម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ និងភេសជ្ជៈ វី-អាកទីវ ទាំងបីជម្រើស។

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕