(បរទេស)៖ គ្រោងឆ្អឹងដាយណូសឺដ៏ធំសម្បើមមួយ ដែលមានឈ្មោះថា «T-Rex» ជាសត្វដែលរស់នៅលើផែនដីនេះកាលពី៦៧លានឆ្នាំមុន ត្រូវបានដាក់លក់ក្នុងការដេញថ្លៃមួយនៅ Zurich ប្រទេសស្វីស ក្នុងតម្លៃ ៦.១៣លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

គ្រោងឆ្អឹងនេះ គឺមានកម្ពស់ ៣.៩ម៉ែត្រ និងប្រវែង ១១.៦ម៉ែត្រ ជាប្រភេទ TRX-293 TRINITY គឺជាគ្រោងឆ្អឹងផ្គុំឡើងដោយឆ្អឹងចំនួន ២៩៣ បានមកពីប្រភេទដាយណូសឺ T-Rexs ចំនួនបីផ្សេងគ្នា ដែលបានរកឃើញនៅចន្លោះឆ្នាំ ២០០៨ និង២០២៣ នៅរដ្ឋ Montana និង Wyoming របស់សហរដ្ឋអាមេរិក។

Koller ដែលជាកន្លែងដាក់ការដេញថ្លៃដ៏ធំបំផុតរបស់ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍ដោយលើកឡើងថា «នេះជាលើកទីមួយនៅអឺរ៉ុប និងជាលើកទីបីនៅទូទាំងពិភពលោកដែលគ្រោងឆ្អឹង T-Rex ទាំងមូលមានគុណភាពពិសេស ត្រូវបានផ្តល់ជូននៅក្នុងការដេញថ្លៃ»។​ គ្រោងឆ្អឹងប្រភេទដាយណូសឺ T-Rex ពីរផ្សេងទៀតដែលបានរកឃើញនៅអាមេរិកខាងជើង ត្រូវបានគេហៅថា Sue និង Stan ត្រូវបានលក់ក្នុងតម្លៃ ៨.៤លានដុល្លារ និង ៣១លានដុល្លាររៀងគ្នាក្នុងឆ្នាំ១៩៩៨ និង២០២០៕