(ភ្នំពេញ)៖ ប្រភេទកីឡាបាល់ទះ វិញ្ញាសាផ្នែកបុរសក្នុងសាលបានសម្រេចចាប់ឆ្នោតជ្រើសរើសពូលឡើងវិញហើយ បន្ទាប់ពីប្រទេសហ្វីលីពីន ស្នើសុំចូលរួមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ។

ក្នុងពិធីចាប់ឆ្នោតឡើងវិញនារសៀលថ្ងៃអង្គារ ទី១៨ ខែមេសានេះដែរ ម្ចាស់ផ្ទះកម្ពុជាបានស្ថិតក្នុងពូល A ជាមួយសិង្ហបុរី ហ្វីលីពីន និងម្ចាស់មេដាយមាស ឆ្នាំ២០២១ ឥណ្ឌូនេស៊ី ខណៈពូល B វិញរួមមានក្រុមថៃ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

ចំណែកឯកម្មវិធីប្រកួតសន្សំពិន្ទុក្នុងពូល បាល់ទះបុរសក្នុងសាលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ តទៅដោយពូល A កម្ពុជាត្រូវជួបសិង្ហបុរីនៅថ្ងៃបើកឆាក ហើយហ្វីលីពីនវិញត្រូវប៉ះឥណ្ឌូណេស៊ី គ្រាដែលបើកឆាកពូល B វិញម៉ាឡេស៊ី ប៉ះថៃ និងមីយ៉ាន់ម៉ា ជួបវៀតណាម។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះមានប្រទេសចំនួន ១១ចូលរួមលើ៣៧ប្រភេទកីឡា ចែកចេញជា៥៨១វិញ្ញាសា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ សម្រាប់កីឡាបាល់ទះ មានវិញ្ញាសាបាល់ទះបុរសក្នុងសាល បាល់ទះនារីក្នុងសាល បាល់ទះបុរសលើឆ្នេរខ្សាច់ និងបាល់ទះនារីឆ្នេរខ្សាច់ផងដែរ៕