(មីឡាន)៖ AC Milan និងក្រុមការពារតំណែងជើងឯក Real Madrid បានឈានទៅវគ្គ ៤ក្រុមចុងក្រោយដូចគ្នានៃពានរង្វាន់អឺរ៉ុប UEFA Champions League 2022-2023 ក្រោយពេលទម្លាក់គូប្រជែង Napoli និង Chelsea។

ការប្រកួតក្នុងជើងទី២ នៃវគ្គ ៨ក្រុមនាយប់មិញនេះឃើញថា ក្រុមរួមលីគ Serie A គឺ AC Milan បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ជាមួយ Napoli បន្ទាប់ពីជើងទី១ យកឈ្នះក្រុមពពកស ១ទល់នឹង០ ដែលធ្វើពួកគេបន្តដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀតបាន។

នេះជាលើកទី១ ផងដែរសម្រាប់ AC ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុប គិតចាប់តាំងពីបានឈ្នះពានធំនេះចុងក្រោយក្នុងឆ្នាំ២០០៧ ដែលអាចជួបក្រុមស្ថិតក្នុងទីក្រុង Milan ជាមួយគ្នាគឺ Inter Milan ក្នុងវគ្គបន្តផងដែរ ដ្បិត Inter បានយកឈ្នះ Benfica ២ទល់នឹង០ កាលពីជើងទី១ ដោយត្រូវលេងជើងទី២ រាត្រីនេះ។

ចំណែកឯអតីតជើងឯក UCL ចំនួន ១៤សម័យកាលច្រើនជាងគេ Real Madrid វិញបានបំបាក់ Chelsea ៤-០ ក្នុងលទ្ធផលទាំងពីរជើង ដែលធ្វើបានលទ្ធផលឈ្នះ ២ទល់នឹង០ បន្ថែមទៀតដែរសម្រាប់ជើងទី២ នាយប់មិញនេះនៅកីឡដ្ឋាន Stamford Bridge ដោយខ្សែប្រយុទ្ធ Rodrygo ទាំង ២គ្រាប់នៃវគ្គទី២ ដែលធ្វើឲ្យកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះកើនបាន ៥គ្រាប់ហើយឲ្យ Real ក្នុងពានអឺរ៉ុបរដូវកាលនេះ។

នេះមានន័យថា លោក Carlo Ancelotti ដែលដឹកនាំ Real Madrid នោះបានសំឡឹងរកការឈ្នះ UCL ជាលើកទី៥ ដែលអាចពើបគូប្រជែង Bayern Munich ឬក៏ Manchester City ពីក្នុងវគ្គ ៤ក្រុមចុងក្រោយជាបន្តទៀត ស្របពេលគ្រូបង្វឹកបណ្តោះអាសន្នតោខៀវ Chelsea គឺលោក Frank Lampard បានរងបរាជ័យលើកទី៤ មកហើយ ក្នុងចំណោមដឹកនាំទើបបាន ៤ប្រកួតដូចគ្នា៕