(ភ្នំពេញ)៖ ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC បានចាកចេញពីប្រទេសថៃ ទៅប្រទេសមីយ៉ាន់ម៉ាហើយ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ ក្រោយទទួលបានជោគជ័យ ក្នុងពិធីដង្ហែនៅទីក្រុងបាងកក កាលពីដើមសប្ដាហ៍កន្លងទៅ ។

បេសកកម្មរបស់ប្រតិភូពិសេសកម្ពុជានេះ មានការជូនដំណើរលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ រួមជាមួយមន្ដ្រីទូតជាច្រើនផងដែរ ។ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៅទីក្រុងបាងកក បានរៀបចំនៅពហុកីឡដ្ឋានជាតិថៃ Rajamangala កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ ខណៈមន្ដ្រីកីឡាជាន់ខ្ពស់ និងពលរដ្ឋថៃ បានសាទរជាខ្លាំង ចំពោះការរៀបចំពិធីដ៏មានអត្ថន័យនេះ ។

លោក Dato Seri Chaiyapak siriwat ប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាពិកថៃ បានឲ្យដឹងកាលពីថ្មីៗថា មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា បានទាក់ទងមកលោក ហើយក៏កំពុងទន្ទឹងរង់ចាំស្វាគមន៍វត្តមានព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផងដែរ ដ្បិតពិធីដង្ហែ នឹងត្រូវរៀបចំនៅទីក្រុងយ៉ាំងហ្គូន នាថ្ងៃទី២១ ខែមេសាចុងសប្ដាហ៍នេះ ។

គួរដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា ឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី០៥ ខែឧសភាខាងមុខ បានចាកចេញពីកម្ពុជា តាំងពីថ្ងៃទី២២ ខែមីនា ហើយបានដង្ហែឆ្លងកាត់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី និងថៃ ដោយទទួលបានជោគជ័យជាបន្ដបន្ទាប់ មុនបន្ដដំណើរទៅប្រទេសមីយ៉ាន់ម៉ាថ្ងៃនេះ ។ បន្ទាប់ពីមីយ៉ាន់ម៉ា ព្រះអគ្គិជ័យកីឡា នឹងបន្ដដំណើរទៅប្រទេសឡាវក្រោយគេ មុនដង្ហែចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសាខាងមុខ ៕