(បរទេស)៖ ទីផ្សារស្មាតហ្វូនក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កន្លងទៅនេះបានធ្លាក់ចុះខ្ទង់ ១២ភាគរយបើធៀបនឹងឆ្នាំមុន ដោយក្នុងនោះក្រុមហ៊ុន Samsung បានឈរនៅលេខរៀងកំពូលនៃតារាងទីផ្សាស្មាតហ្វូន ខណៈដែល Apple ធ្លាក់មកនៅលេខរៀងបន្ទាប់វិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍បឋមពី Canalys បានបង្ហាញពីទីផ្សារស្មាតហ្វូនពិភពលោកក្នុងត្រីមាសទី១ ឆ្នាំនេះឃើញថា កំណើនអ្នកប្រើប្រាស់បានធ្លាក់ចុះ ៥ត្រីមាសជាប់ៗគ្នា បើទោះបីជាម៉ាក្រូសេដ្ឋកិច្ចហាក់មានភាពប្រសើរឡើងវិញក៏ដោយ។ តាមរយៈតារាងលេខរៀងដែលបានបង្ហោះនោះ Samsung ឈរនៅលេខរៀងទី១ ដែលកាន់កាប់ចំណែកទីផ្សារ ២៤ភាគរយ ចំណែកឯ Apple ឈរនៅលេខរៀងទី២ កាន់កាប់ចំណែកទីផ្សារពិភពលោកត្រឹមតែ ១៨ភាគរយប៉ុណ្ណោះ។ ជុំវិញមូលហេតុដែល Apple បាត់បង់ចំណាត់ថ្នាក់នេះត្រូវបានប្រភពខាងលើបញ្ជាក់ថា ដោយសារតែការលក់ស្មាតហ្វូនកំពូល iPhone 14 Pro ឆ្នាំនេះធ្លាក់ចុះខ្លាំង។

ចំពោះចំណាត់ថ្នាក់លេខ៣ នៅឆ្នាំនេះបានទៅក្រុមហ៊ុន Xiaomi និងកាន់កាប់ចំណែកទីផ្សារ ១៣ភាគរយ ក្រុមហ៊ុន Oppo ឈរនៅលេខរៀងទី៤ កាន់កាប់ចំណែកទីផ្សារ ៩ភាគរយ ខណៈដែល Vivo ឈរនៅលេខរៀងទី៥ នឹងកាន់កាប់ចំណែកទីផ្សារ ៨ភាគរយ។

គួរជម្រាបដែរថា គិតមកទល់ពេលនេះតម្រូវការនៅតែបន្តចុះខ្សោយនឹងបានធ្វើឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានកាត់បន្ថយផលិតកម្មរបស់ពួកគេជាបន្តបន្ទាប់ ដោយក្នុងនោះក៏រួមមាន Apple ផងដែរ ដែលបានប្រកាសកាត់បន្ថយការផលិតរបស់គេ៕