(ឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានពិភាក្សាជាមួយលោក Julian Nagelsmann ដែលជាអតីតអ្នកចាត់ការក្លិបខ្លារខិន Bayern Munich ដោយវាគឺជាផ្នែកមួយ នៃការស្វែងរកអ្នកចាត់ការថ្មីរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវបានបណ្តេញចេញពីតួនាទីដោយម្ចាស់ពានរង្វាន់ជើងឯក Bundesliga ក្លិប Bayern Munich កាលពីខែមីនា បន្ទាប់ពីបានដឹកនាំជិត ២ឆ្នាំ។

ដោយឡែក Chelsea បានបណ្តេញអ្នកចាត់ការ Graham Potter ឲ្យចេញពីតំណែង កាលពីដើមខែមេសាកន្លងទៅ។

លោក Potter បានចាកចេញពីកីឡដ្ឋាន Stamford Bridge ក្រោយរយៈពេលដឹកនាំតិចជាង៦ខែ បន្ទាប់ពីបានចាកចេញពីក្លិប Brighton & Hove Albion ដើម្បីជំនួសតំណែងលោក Thomas Tuchel។

បើទោះបីជាបានពិភាក្សាជាមួយ លោក Nagelsmann វ័យ ៣៥ឆ្នាំក៏ពិតមែន ប៉ុន្តែដំណើរការស្វែងរកអ្នកចាត់ការថ្មីបាននឹងកំពុងបន្តធ្វើឡើង ជាមួយនឹងលោក Luis Enrique ក៏ត្រូវបានគេរាយការណ៍ថា ទទួលបានការចាប់អារម្មណ៍ពី Chelsea ផងដែរ៕