(មេនឆេស្ទើ)៖ ម្ចាស់ពានរង្វាន់ជើងឯក Premier League ក្លិបមេឃខៀវ Manchester City កំពុងដាក់ស្នើគម្រោង ដើម្បីពង្រីកសមត្ថភាពកីឡដ្ឋាន Etihad របស់ពួកគេ ពីបច្ចុប្បន្នមានសមត្ថភាពផ្ទុក​ ៥៣,៥០០នាក់ទៅដល់ ៦០,០០០នាក់។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

ការពង្រីកនេះនឹងក្លាយជាផ្នែកមួយ នៃការធ្វើឲ្យប្រសើរឡើងជាច្រើន ក្នុងនោះរួមទាំងខាងក្នុង និងតំបន់ជុំវិញកីឡដ្ឋានរួមមាន តំបន់អ្នកគាំទ្រ (Fan Zone) មានសមត្ថភាពផ្ទុកមនុស្ស ៣,០០០នាក់, Sky bar និងសណ្ឋាគារមាន ៤០០គ្រែ ព្រមទាំងសារមន្ទីរថ្មីផងដែរ។

«អស់រយៈពេលជាច្រើនខែ យើងបាននឹងកំពុងអភិវឌ្ឍន៍គំនិត និងរចនាសម្រាប់ឲ្យអ្នកគាំទ្រទទួលបានបទពិសោធន៍កម្រិតល្អបំផុតនៅឯកីឡដ្ឋាន Etihad ហើយយើងបានដាក់ការស្នើសុំទៅកាន់ក្រុមប្រឹក្សាទីក្រុង Manchester City» នេះបើតាមសម្តីលោក Danny Wilson អ្នកគ្រប់គ្រងទូទៅប្រតិបត្តិការរបស់ក្លិប Manchester City បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

កីឡដ្ឋាន Etihad របស់ City បានកសាងដំបូងឡើង ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ 2002 Commonwealth Games ហើយបច្ចុប្បន្ន ជាកីឡដ្ឋានធំជាងគេបំផុត លំដាប់ទី៥ នៅក្នុងក្របខណ្ឌ Premier League ជាមួយនឹងកីឡដ្ឋានរបស់ក្លិប Manchester United, Tottenham Hotspur, Arsenal និង West Ham United គឺមានសមត្ថភាពផ្ទុកអ្នកទស្សនាបានច្រើនជាង។

​ក្លិប City បានលើកឡើងថា សំណើសុំពង្រីកនេះ តំណាងឲ្យការវិនិយោគ ដែលមានតម្លៃជាង ៣០០លានផោន (៣៧២.៩៦លានដុល្លារ) ចាក់ចូលទៅកាន់តំបន់ភាគខាងកើតទីក្រុង Manchester ដែលអាចបង្កើតការងារថ្មី ២,៦០០កន្លែងសម្រាប់ប្រជាជនក្នុងតំបន់៕