(ភ្នំពេញ)៖ រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលទើបបញ្ចប់កាលពីថ្មីៗ សកម្មភាពកីឡាជាច្រើន បានក្លាយជាផ្នែកមួយ ដែលចូលរួមផ្ដល់ការកម្សាន្តអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយក៏ជាទីតាំងផ្សព្វផ្សាយទ្រង់ទ្រាយធំពីឱកាសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនៅសល់រយៈពេល ១៧ថ្ងៃផងដែរ ។

លោកស្រី កែ ឡេង វីរកីឡាការិនីម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក ៤សម័យ ដែលចូលរួម នៅភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាខេត្តសៀមរាប បានស្នើសុំមហាជនចូលរួមលើកទឹកចិត្តអត្តពលិកកម្ពុជា គ្រប់ប្រភេទកីឡាទាំងអស់ នៅពេលកម្ពុជា បើកទ្វារៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់ខាងលើ ។

យុវជន សុជាតិ ដែលធ្វើដំណើរពីខេត្តកំពង់ចាម បានចូលរួមក្នុងភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងនោះ បានចាត់ទុកថា នេះជាការផ្សព្វផ្សាយដ៏អស្ចារ្យមួយ ដើម្បីឲ្យមហាជនបានជ្រាបកាន់តែច្បាស់ តាមរយៈសកម្មភាពកីឡានានា និងធ្វើឲ្យមានការចូលរួមយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មកដល់ផងដែរ ។

បើតាមលោកបណ្ឌិតសាស្រ្តចារ្យ ឯក មនោសែន ប្រធានក្រុមការងារភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បញ្ជាក់ថា កីឡា ១០ប្រភេទ ដែលមានឈ្មោះក្នុងស៊ីហ្គេមឆ្នាំនេះ ត្រូវបានដាក់តាំង និងបង្ហាញមហាជននៅក្បែរប្រាសាទបាយ័ន ក្នុងនោះមានកីឡាប្រពៃណី ៣ប្រភេទ(ប្រដាល់គុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គ) និងកីឡាប្រជាប្រិយចំនួន ៧ប្រភេទ។ ភូមិនេះគឺជាជំរុំនៃបណ្ដុំកីឡាករល្បីៗ កន្លែងតាំងពិព័រណ៍សម្ភារៈគ្រប់ប្រភេទកីឡា តាំងមេដាយនានា ដែលធ្លាប់ឈ្នះការប្រកួតជាលក្ខណៈអន្តរជាតិកន្លងមក និងភ្លើងគប់ស៊ីហ្គេមជាដើម។ យ៉ាងហោចណាស់មានភ្ញៀវប្រមាណជាង ១ម៉ឺន ២ពាន់នាក់បានចូលទស្សនា និងលេងកម្សាន្តកីឡា ដែលមានទីលានប្រកួតក្នុងភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ប្រចាំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ។

លើសពីនេះ ក៏មានសកម្មភាពផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមរយៈជិះម៉ូតូដង្ហែក្បួនផ្សព្វផ្សាយ ១ថ្ងៃមានតម្រាយផ្លូវ ៤០គីឡូម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃ មានរថយន្តបញ្ចាំង LED ចាក់វីដេអូផ្សព្វផ្សាយជាច្រើនទីតាំង មានសារបណ្ដែតប្រទីបនៅមាត់ស្ទឹងសៀមរាប មានរថយន្តចល័តប្រគំតន្ត្រីផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណមួយចំនួនផងដែរ។

លោកបណ្ឌិត តុប នេត ប្រធានក្រុមការងារផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផ្នែកចល័ត ចាត់ទុកថាសកម្មភាពរួមរបស់ក្រុមការងារផ្នែកចល័តនេះ បានជួយញាំងឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាន់តែអធិកអធម និងបំផុសមហាជនឲ្យរង់ចាំទទួលស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដែលនៅសល់ប៉ុន្មានថ្ងៃខាងមុខ ។ ការផ្សព្វផ្សាយនេះ ស្ទើរតែទៅដល់គ្រប់ទីកន្លែងពេញទីតាំងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ដោយឡែកការសម្ដែ ងនិងប្រកួតកីឡាល្បុក្កតោ ដែលក្រៅពីមហាជនបានឃើញតាមរយៈការផ្សព្វផ្សាយនានា ក៏មានទស្សនិកជនចូលទស្សនាផ្ទាល់ជិត ១ម៉ឺននាក់ផងដែរក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នានេះ។ កម្លាំងប្រមាណ ៥០០នាក់បានចូលរួមរៀបចំ សម្ដែង និងប្រកួត ក្នុងកីឡាប្រពៃណីមួយនេះ ស្របពេលដែលលោក នុត សាវនា ប្រធានក្រុមការងារក្នុងផ្នែកនេះ ធ្លាប់បានបញ្ជាក់ថាសកម្មភាពទាំងអស់នេះគឺផ្សព្វផ្សាយពីកីឡាប្រពៃណីដូនតាជូនប្រជាជនខ្មែរបានជ្រាបកាន់តែច្បាស់បន្ថែមទៀតផង ។

លោក ស សុខា ប្រធានក្រុមការងារចង្កោមទី៣ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលផ្តោតលើកិច្ចការពាក់ព័ន្ធនឹងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានវាយតម្លៃខ្ពស់ពីសកម្មភាពរបស់ក្រុមការងារនិងការចូលរួមពីសំខាន់មហាជនគ្រប់ទិសទី។ លោកថា សកម្មភាពផ្សព្វផ្សាយកីឡា ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ជាស្ពានមួយនាំចំណាប់អារម្មណ៍មហាជនឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខ ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ខេត្តសៀមរាប ដែលជាទីតាំងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលរួមប្រមាណជាង ២លាននាក់ ហើយទិន្នន័យនេះច្រើនជាងខេត្តនានាក្នុងប្រទេសកម្ពុជា ដ្បិតខេត្តសៀមរាប ក៏ជាខេត្តមួយ ដែលត្រៀមទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាមួយចំនួន នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ៕