(បរទេស)៖ បន្ទាប់ពីខកខានប្រារព្ធ អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែកូវីដ-១៩ ពេលនេះកម្មវិធីពានរង្វាន់ Breakthrough បានវិលត្រឡប់មកវិញសាជាថ្មី ដែលនេះជាកម្មវិធី ចែកពានរង្វាន់ទៅដល់អ្នកវិទ្យាសាស្ត្រលេចធ្លោ ខណៈអ្នកដែលទទួលបានពានរង្វាន់ពីកម្មវិធីពានរង្វាន់ Breakthrough នេះ ក្នុងម្នាក់ៗគឺទទួលបានប្រាក់រង្វាន់ ៣លានដុល្លារ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្លាស់ប្ដូរពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

កម្មវិធីនេះ ត្រូវបានគេដឹងថា មានការចូលរួមពីសំណាក់តារាហូលីវូដល្បីៗជាច្រើន ដែលមានដូចជាតួ «Iron Man» លោក Robert Downey Jr, តួ «Wonder Woman» តារាស្រី Gal Gadot , តួរឿង «Fast & Furious», Vin Diesel, តារាប្រុស Ashton Kutcher, និង Edward Norton ជាដើម។

គួរជម្រាបថា សម្រាប់អ្នកដែលទទួលបានពានឆ្នាំនេះ មានដូចជាអ្នកត្រួសត្រាយនូវបច្ចេកវិទ្យាកុំព្យូទ័រ Quantum លោក Peter Shor, លោក Charles Bennett និងលោក Gilles Brassard រួមទាំងអ្នកបង្កើតបច្ចេកវិទ្យា mRNA ក្នុងវ៉ាក់សាំងកូវីដ១៩ ដែលមានលោកស្រី Katalin Kariko និងលោក Drew Weissman៕