(បរទេស)៖ បន្ទាប់ពីមានការប្រកួតប្រជែងពីក្រុមហ៊ុនបច្ចេកវិទ្យាខ្លាំងៗជាច្រើនទៅលើភ្លេតហ្វមបញ្ញាសប្បនិមិត្ត (AI) ដែលត្រូវបានគេស្គាល់ថា ChatGPT ពេលនេះកំពូលមហាសេដ្ឋីលោក Elon Musk បានប្រកាសថា នឹងចូលខ្លួនទៅក្នុងវិស័យ AI ដែលហើយ។ ពោលគឺ Musk នឹងបង្កើត AI ផ្ទាល់ខ្លួនដែលមានឈ្មោះថា «TruthGPT» ដែលត្រៀមនឹងយកទៅប្រកួតប្រជែងជាមួយក្រុមហ៊ុន Microsoft និង Google នាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

Musk កំពុងតែចាប់ផ្តើមខ្វែងគំនិតគ្នាជាមួយនឹង Microsoft ហើយបានចេញសាររិះគន់ទៅកាន់ OpenAI យ៉ាងចាស់ដៃក្នុងការបង្កើតភ្លេតហ្វម ChatGPT ប្រភេទ Chatbot ថាបាន «បង្វឹក AI ឱ្យកុហក»។ ទាំងនេះកើតឡើងនៅពេលដែល Musk បានចូលរួមអំពាវនាវឱ្យមានការផ្អាកដំណើរការ Training System ប្រភេទ ChatGPT-4 របស់ OpenAI កាលពីពេលថ្មីៗនេះដោយលើកហេតុផលថាអាចប៉ះពាល់ដល់សង្គម និងមនុស្សជាតិ។ មិនត្រឹមតែប៉ុណ្ណោះ Musk ក៏បានចោទប្រកាន់ Larry Page ដែលជាសហស្ថាបនិកក្រុមហ៊ុន Google ផងដែលថាមិនបានយកចិត្តទុកដាក់លើសុវត្ថិភាព AI។

បើយោងតាមបទសម្ភាសន៍មួយជាមួយនឹងលោក Tucker Carlson ពីទូរទស្សន៍ Fox News Channel លោក Musk បាននិយាយថា «ខ្ញុំនឹងចាប់ផ្តើមបង្កើត AI «TruthGPT» ដើម្បីផ្តល់ព័ត៌មានពិតជាអតិបរមាដល់អ្នកប្រើប្រាស់ និងព្យាយាមយល់ពីធម្មជាតិនៃសកលលោក»។ Musk ថែមទាំងសរសើ TruthGPT របស់ខ្លួនថា «ជាជម្រើសដ៏ល្អបំផុតទៅកាន់សុវត្ថិភាព ដែលនឹងមិនបង្កការបំផ្លាញដល់សង្គម និងមនុស្សជាតិ» ថែមទៀតផង។

យ៉ាងណាមិញចំពោះបញ្ញាសិប្បនិមិត្ត (AI) TruthGPT របស់ Musk បច្ចុប្បន្ននេះកំពុងស្ថិតក្នុងគម្រោងអភិវឌ្ឍប៉ុណ្ណោះនៅមិនទាន់លេចចេញជារូបរាងនោះទេដែលទំនងជាអាចនឹងដំណើរការនៅក្នុងពេលណាមួយឆាប់ៗខាងមុខនេះ ខណៈថ្មីៗនេះ Musk ទើបតែប្រកាសប្រមូលទិញ GPUs ដើម្បីមកបង្កើតដំណើរការ AI របស់លោក។

គួរជម្រាបដែរថា Musk ដំបូងឡើយបានចូលរួមជាមួយនិង Microsoft ដើម្បីបង្កើត OpenAI និងត្រូវបានដំណើការក្រុមហ៊ុនជាផ្លូវការក្នុងឆ្នាំ២០១៥ ប៉ុន្តែដោយសារតែ Musk មានមហិច្ឆតាធំចង់គ្រប់គ្រង OpenAI ទាំងមូលដោយខ្លួនឯងនោះក៏ត្រូវបានជំទាស់ពីលោក Sam Altman និងស្ថាបនិកផ្សេងទៀតដែលឈានដល់ការខ្វែងគំនិតគ្នា រហូតដល់ Musk ត្រូវដើរចេញពី OpenAI ដោយខ្លួនឯងក្នុងឆ្នាំ២០១៨ ដោយសារតែជម្លោះផលប្រយោជន៍៕