(ថៃ)៖ ព្រឹត្តិការណ៍ប្រគំតន្ត្រី WATERBOME នៅក្នុងប្រទេសថៃ ដែលបានធ្វើឡើងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ គឺមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើន ក្នុងចំណោមនោះគេក៏ឃើញមានតារា K-POP ល្បីម្នាក់ គឺកញ្ញា HyunA ផងដែរ។ ការបង្ហាញខ្លួនរបស់នាង ក្នុងឈុតស្រើបស្រាល អំឡុងពេលសម្តែងច្រៀងលើឆាក បានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម ខណៈមតិមួយចំនួននិយាយថា នាងស្លៀកពាក់មិនសមរម្យ ខណៈខ្លះទៀតសរសើរពីភាពជឿជាក់ ក្នុងការបង្ហាញភាពសិចស៉ីរបស់នាង។

បើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Koreaboo បានឲ្យដឹងថា អំឡុងពេលសម្តែងនៅលើឆាក នៃព្រឹត្តិការណ៍ប្រគំតន្ត្រី WATERBOME ក្នុងប្រទេសថៃ HyunA បានទាក់ទាញចំណាប់អារម្មណ៍ អ្នកទស្សនាជាច្រើនមិនថាអ្នកមើលផ្ទាល់ ឬក្នុងបណ្តាញសង្គមនោះទេ ជាមួយនឹងការស្លៀកឈុត Fashion ហែលទឹក ឬគេហៅម្យ៉ាងទៀតថា ឈុតស្រើបស្រាល។ នាង​មើលទៅហាក់មាន​ទំនុក​ចិត្តជាខ្លាំង ​ពេល​នាង​រាំ និង​សម្ដែង ហើយ​នាង​ថែម​ទាំង​រាំ​ញ័រ​ខ្លួន​ ធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោរយ៉ាងខ្លាំងផងដែរ។

ជាមួយគ្នានោះដែរ មហាជនកូរ៉េខ្លះបានយល់ស្របនឹងឈុតនេះដោយថា «ត្រឡប់មកវិញ HyunA ១៣ឆ្នាំមុន », ខណៈខ្លះនិយាយថា «HyunA គឺល្អបំផុតក្នុងអំឡុងពេលនេះហើយ», «នាងស្អាតមិនថានាងធ្វើអ្វី», «នាងដូចជាម៉ាដូណា...», «HyunA អ្នកស្អាតណាស់» ខណៈមួយចំនួនទៀតបញ្ចេញមតិថា «ហេតុអ្វីបានជានាងធ្វើដូច្នេះ? ឈុតនេះមិនសមនឹងនាងស្លៀក ក្នុងនៅក្នុងប្រទេសថៃនោះទេ»

ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេ សម្រាប់ HyunA ដែលនាងបង្ហាញខ្លួនក្នុងសម្លៀកបំពាក់សិចស៊ីហួសហេតុបែបនេះ។ ជារឿយៗនាងតែងទទួលការរិះគន់ រឿងស្លៀកពាក់ជាញឹកញាប់ ខណៈតារាស្រី K-pop រូបនេះមិនបានខ្វល់ខ្វាយ នឹងមតិមហាជនសូម្បីតែបន្តិចណាឡើយ៕