(កូរ៉េ)៖ សារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូង បានរាយការណ៍ថា J-Hope សមាជិកក្រុមចម្រៀង K-pop ដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Grammy BTS នឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធា នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ៍នេះ និងបានក្លាយជាសមាជិកទីពីរក្នុងក្រុម ដែលចូលបម្រើជួរកងទ័ព។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

តារាចម្រៀងដែលមានឈ្មោះពិតថា Jung Ho-seok បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងការបង្ហោះនៅលើវេទិកាអ្នកគាំទ្រ Weverse ភ្ជាប់ដោយរូបភាពការកាត់សក់ ដោយបញ្ជាក់ថា «ខ្ញុំនឹងត្រឡប់មកវិញនៅពេលក្រោយ»។ មតិជាង១ម៉ឺន ពីអ្នកគាំទ្របានជូនពរឲ្យតារារូបនេះ ត្រឡប់មកវិញដោយសុវត្ថិភាព បន្ទាប់ពីបំពេញកាតព្វកិច្ចយោធារួចរាល់។ យ៉ាងណាមិញ អ្នកនាំពាក្យរបស់ Hybe ដែលជាម្ចាស់ក្រុមហ៊ុន Bighit Music បានបដិសេធមិនបញ្ជាក់ពីព័ត៌មានលម្អិត នៃការចុះឈ្មោះចូលបម្រើយោធារបស់ J-Hope។

គួរជម្រាបថា J-Hope អាយុ ២៩ឆ្នាំ គឺជាសមាជិកទីពីរនៃក្រុម BTS ដែលបានចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា បន្ទាប់ពីសមាជិកមានវ័យច្រើនជាងគេ Jin អាយុ ៣០ឆ្នាំ ដែលបានចូលបម្រើយោធាកាលពីខែធ្នូឆ្នាំមុន៕